ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ០៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ឌិត ទីណា។ 

លោករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិនដែលបានផ្ដល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិតដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក ក៏បានថ្លែងអំណរគុណដល់ លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង សហការីរបស់ លោក ដែលតែងតែជួយគាំទ្រដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក។ 

គួររំឭកផងដែរថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២.៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ។ 

ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វនេះ  លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ហើយកន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យនេះឱ្យមានការរីកចម្រើនផងដែរ ប៉ុន្តែបញ្ហាលំបាកមួយចំនួននៅតែមាន ដូចជា៖

 ១). ជំងឺឆ្លងសត្វដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ដែលកន្លងមកប្រទេសកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ 

 និង ២). មន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វផងដែរ។ 

សូមជម្រាបដែរថា វ៉ាក់សាំងសត្វ១លានកម្រិតដែលទទួលបានពីក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ រួមមាន វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប ៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាន និងកំពុងកើតមាន ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជា លោក Wang Wentian និងសហការី ព្រមទាំងក្រុមហ៊ុនចិនទាំងពីរគឺ ក្រុមហ៊ុន Tianjin Ringpu Biotechnology និង ក្រុមហ៊ុន Chongqing Auleon Biologicals, Huapai Biological Group ដែលបានផ្តល់វ៉ាក់សាំងផងដែរ៕

 

ដោយ ៖ សហការី


ចែករំលែក៖