ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ លោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បើមានករណីលួចបើកល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានភូមិ-ឃុំ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា។
លោកបន្តថា បន្ទាប់ពីមានសារព័ត៌មានមួយចំនួនក្នុងស្រុកចុះផ្សាយពីប្រជាពលរដ្ឋរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំដែលបានបញ្ជាក់ឱ្យដឹងថា អ្នកដែលហ៊ានបើកល្បែងបញ្ជល់មាន់តាមអនឡាញ លែបថប ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបបុគ្គលនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្តរួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ បានចាត់ក្រុមការងារចុះពិនិត្យ ស្រាវជ្រាវដល់ទីតាំងផ្ទះរបស់ឈ្មោះ ទេព សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជាម្ចាស់ទីតាំងដោយឱ្យធ្វើកិច្ចសន្យាមិនឱ្យមានការជួលទីតាំងឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់ និងមិនឱ្យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
លោកអធិការបន្ថែមថា ក្នុងករណីម្ចាស់ទីតាំងនៅរឹងទទឹងមិនអនុវត្តតាមការណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា ករណីខាងលើតាមការស្រាវជ្រាវគឺមិនមានការបង់ប្រាក់ឱ្យសមត្ថកិច្ចនោះទេ ដោយពេលកន្លងមកអធិការដ្ឋាននគរបាលស្រុកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងស្រុកស្វាយជ្រំឡើយ៕
ដោយ៖ សុថាន