ព័ត៌មានទាន់ហេតុការណ៍៖

យប់ថ្ងៃឆ្លងឆ្នាំមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ច។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៧និងលេខ៣៨ស្ថិតនៅក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រង់ចំណុចផ្សារកំពង់ត្រាច ។

  យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ភិន តុងហុីម  អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក YAMAHA អុិចសុិនធ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១Y-៨៧៤៤ រងការខូចខាតយ៉ាងដំណំ។

    ចំណែកភាគីម្ខាងទៀតមានឈ្មោះ អ៊ុំ សាខឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ អាជីវករលក់ដូរនិងអ្នករួមដំណើរមានប្រពន្ធកូនមានឈ្មោះចន្ធូ  អាយុ៤៦ឆ្នាំ មុខរបរអាជីវករលក់ដូរនិងឈ្មោះ អ៊ុំ មុីលិញ ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ដស្វាយរៀង បើកម៉ូតូម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១I-៤៥៧៦។

   តាមសាក្សីបានអោយដឹងថា មានយុវជនម្នាក់បានជិះម៉ូតូម៉ាក YAMAHA អុិចសុិនធ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១Y-៨៧៤៤ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមិនប្រកាន់ស្តាំក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១I-៤៥៧៦ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ច។

   ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកម៉ូតូទាំងគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖