ខេត្តស្វាយរៀង៖ មានរថយន្តយីឌុបប្រភេទវ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួចបើករបារ ដាក់រាំងកាត់ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ដោយធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្ភខ្លាចបាក់ស្រុតខូចផ្លូវដែលរាជរដ្ឋាភិបាលសង់ជូនប្រជាពលរដ្ឋនៅជនបទបានប្រើប្រាស់ធ្វើដំណើរងាយស្រួល។
ប្រជាពលរដ្ឋរស់នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ថា ទោះបីមានការដាក់របារកម្រិតខ្ពស់កាត់ទទឹងផ្លូវដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំកំណត់យ៉ាងណាក៏ដោយនៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់នោះទេ ព្រោះអីនៅពេលមានរថយន្តធុនយក្សដឹកទំនិញពេញៗទ្រុងរថយន្ត ព្រមទាំងដឹកខ្ពស់ៗស្ទើរដល់ចុងឈើបើកបរលើកំណាត់ផ្លូវ ក្រាលកៅស៊ូ ឆ្លងកាត់របារទាំងនោះគឺតែងតែមានអ្នកមកបើករបារដាក់ទទឹងផ្លូវដដែលឲ្យរថយន្តគ្រប់ប្រភេទអស់ទាំងនោះដឹកតាមចិត្តគ្មានខ្វល់នោះឡើយ ពោលគឺមានអ្នកមកលួចបើករបារ កម្រិតខ្ពស់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ដដែល ទោះបីមានរបារក៏ដូចគ្មានរបាតដែរ។
ប្រភពបានឲ្យដឹងទៀតថា រថយន្តដែលធ្វើចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៩ខែមករាឆ្នាំ២០២៣នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ មួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១៤ ត្រង់ចំណុចព្រំប្រទល់ភូមិត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះមកភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានប្រាប់ឲ្យដឹងថា លោកសូមអរគុណចំពោះការផ្តល់ព័ត៌មាននេះហើយលោកនឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវឲ្យទប់ស្កាត់។
ទាក់ទិនករណីនេះដែរលោក នួន លីហួន ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តស្វាយរៀងក៏បានឲ្យដឹងផងដែរថា ចំពោះផ្លូវក្រាលកៅស៊ូ មួយខ្សែដែលទើបក្រាលកៅស៊ូមិនទាន់ហើយនេះគឺជារបស់ខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកគ្រប់គ្រង មិនពាក់ព័ន្ធនិងមន្ទីរសាធារណ:ការទេ ។
បើតាមលោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងបានឱ្យដឹងថា លោកទទួលបានព័ត៌មាននេះហើយ និងមានរូបភាពរថយន្តដឹកទំនិញចុះបើករបារផងដែរ ហើយលោកអភិបាលស្រុកកំពង់រោទិ៍និងជម្រាបជូនទៅថ្នាក់ខេត្តដើម្បីមានវិធានការបែបណា ចំពោះរថយន្តទាំងអស់នេះផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងនាមមន្ទីរអភិវឌ្ឍជនបទ តែងតែជំរុញដល់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវត្រូវអនុវត្តតាមស្តង់ដារបច្ចេកទេសនិងចូលរួមទប់ស្កាត់ទាំងអស់គ្នាចំពោះរថយន្តដឹកលើសទម្ងន់ដែលធ្វើចរាចរណ៍លើផ្លូវនេះផងដែរ។
ហើយក៏សូមបដិសេធផងដែរចំពោះការលើកឡើងថាមន្ត្រីអភិវឌ្ឍជនបទជាអ្នកបើករបារនោះគឺមិនពិតនោះទេ ក្នុងនាមលោកជាប្រធានមន្ទីរ មិនអនុញ្ញាតឲ្យមន្ត្រីធ្វើបែបនេះឡើយ គឺមានតែក្រុមឈ្មួញតែប៉ុណ្ណោះដែលហ៊ានចុះលួចបើករបារបារ៉ាស់នេះ។
សូមបញ្ជាក់ថា យោងតាមរលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ៥៧៨/២២លសចុះថ្ងៃ៨ខែធ្នូឆ្នាំ២០២២ជម្រាបមក៖ – លោកអភិបាលស្រុកស្វាយជ្រំ,លោកអភិបាលស្រុករំដួល,លោកអភិបាលស្រុកកំពង់រោទិ៍ ស្ដីពីការសម្របសម្រួលកិច្ចសហការគ្រប់គ្រងរបារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់បើកបរនៅលើផ្លូវជនបទ ៕
ដោយ៖ សុថាន