ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកធ្វើដំណើរទាំងព្រឹក! ពេលប្រទះឃើញសពអណ្ដែតទឹកទន្លេវ៉ៃគោសង្ស័យលង់ទឹកស្លាប់

ចែករំលែក៖

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរក៏ដូចជាពលរដ្ឋទាំងព្រឹកនិងបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីប្រទះឃើញសពអណ្ដែតទឹកទន្លេវ៉ៃគោ សង្ស័យជាជនជាតិបរទេសលង់ទឹកស្លាប់។

   ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ស្ថិតនៅខាងជើងស្ពានហាយវ៉េ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងងស្វាយរៀង ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកកុយ សុភាព បានដឹកនាំសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ជំនាញព្រហ្មទណ្ឌខេត្ត និងនគរបាលក្រុង កម្លាំង កងរាជអាវុធហត្ថក្រុង គ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសព។ 

   ប្រភពបន្តថា ពេលចុះពិនិត្យនោះជាលទ្ធផលសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ប្រផេះ ពាក់ស្បែកជើងបាតាពណ៌ស កាត់សក់ទីទុយ  (សង្ស័យជាជនបរទេស) ខណៈនៅលើខ្លួនប្រាណសាកសពមានស្នាមរលាត់ស្បែកលើត្របកភ្នែកខាងស្ដាំមួយកន្លែង និងស្នាមរលាត់បបួរមាត់លើមួយកន្លែង ក្រៅពីនេះពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកក់សម្គាល់ទេ។

   សមត្ថកិច្ចនិងគ្រូពេទ្យបានសន្និដ្ឋានថា សាកសពពិតស្លាប់ដោយសារលងទឹកប្រាកដមែន មិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

   បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបញ្ជូនតាមរយ:រថយន្តមន្ទីរពេទ្យខេត្តយកទៅរក្សាទុកនៅសាលរក្សាសាកសពនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តស្វែងរកក្រុនគ្រួសារមកទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុថាន


ចែករំលែក៖