ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល រៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

សូមបញ្ជាក់ថា, ដំណាំស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្ដានុពល និងជាដំណាំអាទិភាព មួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្ត ទុកដាក់លើការបង្កើនផលិតភាពនិងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាព ដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះ ស្វាយចន្ទី ដែលរួមមាន កំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។ ជាមួយគ្នានេះ ស្វាយចន្ទីកម្ពុជាក៏កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបាន ទទួលស្គាល់ពីទីផ្សារ លើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាម បែបប្រពៃណី ដោយក្នុងនោះផលិតផលស្វាយចន្ទីរបស់កម្ពុជាអាចទាញយកចំណែកទីផ្សារពី សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចិន, ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន។

ក្នុងន័យនេះ ដើម្បីបន្តជំរុញកំណើនកសិពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាពនិងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ គឺជាការចាំបាច់ ដែលស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រ ផ្សេងៗទៀត សំដៅធានានូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ព្រមទាំងជាផែនទីបង្ហាញផ្លូវនិងជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រនិងផែនការសកម្មភាពអភិវឌ្ឍ វិស័យដំណាំស្វាយចន្ទីប្រកបដោយចីរភាព។ សេចក្តីព្រាងគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយ បរិយាបន្ន ធានានូវនិរន្តរភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងប្រែក្លាយព្រះរាជាណាចក្រ កម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើដល់ទីផ្សារ ក្នុងស្រុក តំបន់ និងពិភពលោក។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានរៀបចំឡើងជា ៧ផ្នែក និងមានឧបសម្ព័ន្ធចំនួន២ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រី ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖