ខេត្តកណ្ដាល៖ ក្រោយពីមានជំនន់ទឹកភ្លៀង បានវាយប្រហារផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកខ្សេវស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បណ្តាលឱ្យបាក់ផ្ទះប្រជាពលរដ្ឋចូលក្នុងទឹកជាបន្តបន្ទាប់រួចមកនៅយប់ទី១៦ខែមករា២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកមានការប្រុងប្រយ័ត្នខ្ពស់។
សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ផ្ទះថ្មមួយខ្នងបានបាក់ដីមាត់ច្រាំងព្រែក បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងព្រែក ទាំងស្រុងតែម្ដង ជាមួយនឹងផ្ទះជាច្រើនផ្សេងទៀតក៏បានរលំជាអន្លើៗផងដែរ។ចំពោះស្ថានភាពនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ដោយសារទឹកបានហូរមកពីខាងលើគឺខេត្តកំពង់ស្ពឺ រួចសម្រុកមកក្រុងតាខ្មៅតាមព្រែកនេះ បណ្ដាលឲ្យហូរច្រោះដីកាន់តែខ្លាំងឡើងៗ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ បាក់កាន់តែច្រើនៗ សរុបមកទល់នឹងពេលនេះ មានចំនួន២៧ខ្នងផ្ទះហើយ ដែលទទួលរងគ្រោះទាំងស្រុងតែម្ដង៕
ដោយ៖ ស្អាងជ័យ