ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី២​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោកបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីបច្ចេកទេសរួមជាមួយអាជ្ញាធរខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាព្រឹកថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ​ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។ 

ជាក់ស្ដែង​ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដូចខាងក្រោម ៖

I.  អំពីស្ថានភាព និងកម្ពស់ទឹក 

*១/ ទំនប់៧មករា ៖ កម្រិតកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៥,៥០ម៉ែត្រ។ ស្ថានភាពទឹកព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ គិតត្រឹមម៉ោង ៦៖០០ នាទីព្រឹក មានកម្ពស់ ៥,៤៤ម៉ែត្រ (ខ្ពស់ជាងទំនប់បង្ហៀរ ០,៦៤ ម៉ែត្រ)។ ស្ថានភាពកម្ពស់ទឹកជារួមនៅតាមបណ្តាស្ថានីយវាស់កម្ពស់ទឹក គឺបន្តស្រកចុះ។ ដោយឡែកផ្នែកខាងក្រោម នៅទទួលរងឥទ្ធិពលទឹកនៅឡើយ។

*២/ ស្ថានភាពទទួលឥទ្ធិពលជំនន់ទឹកភ្លៀងនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៖

ការត្រួតពិនិត្យស្ថានភាពទឹកជំនន់នេះ មានការចូលរួមពីកងកម្លាំងសរុបចំនួន ៦០០ នាក់ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ( ទ័ពពិសេសឆ័ត្រយោង ២០០នាក់, បញ្ជាការដ្ឋានអង្គរក្ស ២០០នាក់, កងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន ២០០នាក់) រួមសហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុងតាខ្មៅ សរុបចំនួន ១២៥០ នាក់។ កម្លាំង ទាំងអស់ខាងលើ បាននឹងកំពុងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ អមសងខាងព្រែកថី ដែលកំពុងប្រឈមបាក់រលំស្រុតចូលក្នុងព្រែក។ 

II. អំពីផលប៉ះពាល់៖

គម្រោងស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ចេញតាមព្រែកថី មានប្រវែង ៣៦០០ ម៉ែត្រ (ក្នុងនោះអនុវត្តបានប្រវែង ៣០០០ ម៉ែត្រ ដោះស្រាយផលប៉ះពាល់រួចរាល់ អមដោយផ្លូវបេតុង និងថ្មម៉ិច អមសងខាងព្រែក ហើយពុំមានការបាក់ស្រុតនោះទេ)។ នៅសល់ប្រវែង ៦០០ ម៉ែត្រ គម្រោងបន្តអនុវត្ត ប៉ុន្តែប្រជាពលរដ្ឋ ចំនួន ៦០ ខ្នងផ្ទះ ស្មើ ៦៨ គ្រួសារ មានមនុស្ស ២៤៨ នាក់ មិនទាន់ទទួលយកសំណងផលប៉ះពាល់។

       ស្របជាមួយគ្នានោះដែរ ដោយរងឥទ្ធិពលជំនន់ទឹកភ្លៀង រដូវប្រាំង ដែលពុំធ្លាប់មានកន្លងមក ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ៦៧ខ្នង ស្មើ ៧៧គ្រួសារ ស្មើ២៨៨នាក់ បាក់ស្រុតចូលក្នុងព្រែកទាំងស្រុង ចំនួន ៦ខ្នងផ្ទះ ហើយផ្ទះក្រៅពីនោះប្រេះស្រាំទាំងអស់ និងធ្វើការរុះរើចេញទាំងអស់។ 

III. ការជួយសង្គ្រោះ និងការឆ្លើយតប៖

– ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជូនដំណឹង និងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន មកដាក់នៅទីទួលសុវត្ថិភាព។

– នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានចុះពិនិត្យស្ថានភាពបន្ត និងចែកអំណោយបឋម ជូនប្រជាពលរដ្ឋ បានចំនួន២៧ គ្រួសារ។

– ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ ប្រើប្រាស់កម្លាំង សរុបចំនួន ១២៥០ នាក់ ធ្វើការរុះរើជាបន្ទាន់នូវផ្ទះដែលកំពុងប្រឈមនឹងការបាក់ស្រុតចូលព្រែក។ នៅរសៀល ថ្ងៃនេះដដែល សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នឹងចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ បន្តទៀត។

– ទំនប់ប្រឡាយ ៥៤ ចាប់ពីភ្នំស្អាង មកដល់ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ត្រូវបានកាយផ្តាច់ប្រវែងប្រមាណ ១២០ ម៉ែត្រ (ជម្រៅជាមធ្យម ២,៥០ ម៉ែត្រ)។

– ធ្វើការបើកទ្វារទឹកនៅចំណុចអូរអណ្ដូង ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ដើម្បីរំដោះទឹកជំនន់បន្ទាន់។

– បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ស្តីពីការបិទចរាចរបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២, លេខ៣, លេខ២១, ផ្លូវខេត្តលេខ២០, ២០A, ២០B, ១KD៩ (ផ្លូវលេខ៣៩) ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង និងស្រុកស្អាង៕

ដោយ​៖សហការី​


ចែករំលែក៖