នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គិលានុបដ្ឋាក គិលានុបដ្ឋាយិកានៅក្នុងប្រទេសអង់គ្លេសបានចាប់ផ្តើមធ្វើកូដកម្មរយៈពេលពីរថ្ងៃទាមទារដំឡើងប្រាក់ខែ ខណៈដែលមន្ត្រីបានព្រមានអំពីហានិភ័យនៃការរំខានដល់ការថែទាំវេជ្ជសាស្រ្តសម្រាប់អ្នកជំងឺរាប់ពាន់នាក់។
ពីមុននៅក្នុងខែធ្នូ ឆ្នាំ២០២២ គិលានុបដ្ឋាកគិលានុបដ្ឋាយិកានៅចក្រភពអង់គ្លេសក៏បានធ្វើកូដកម្មដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាមួយរលកនៃកូដកម្មដោយបុគ្គលិកផ្នែកសាធារណៈដែលជីវិតរបស់ពួកគេបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
សហជីពនៃមហាវិទ្យាល័យគិលានុបដ្ឋាក-យិកា (RCN) និយាយថា រដ្ឋាភិបាលមិនស្ថិតក្នុងការពិភាក្សាអំពីការកែលម្អកិច្ចព្រមព្រៀងប្រាក់ឈ្នួលរបស់ខ្លួនសម្រាប់ឆ្នាំនេះទេ។ ដូច្នេះ កូដកម្មចុងក្រោយនេះដាក់សម្ពាធបន្ថែមលើ NHS នៅពេលដែលតម្រូវការគឺខ្ពស់បំផុត ហើយបញ្ជីអ្នកជំងឺរង់ចាំមានរយៈពេលយូរ។
យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Steve Barclayបានបញ្ជាក់ថា កូដកម្មថ្មីនេះនឹងប៉ះពាល់ដល់អ្នកជំងឺ។ គាត់បាននិយាយថា ការធ្វើកូដកម្មរបស់គិលានុបដ្ឋាកគិលានុបដ្ឋាយិកានៃប្រទេសអង់គ្លេស និងវែលក្នុងខែធ្នូ ឆ្នាំ 2022 បានបណ្តាលឱ្យមានការលុបចោល “ការណាត់ជួបប្រហែល ៣ម៉ឺននាក់ និងការណាត់ជួបអ្នកជំងឺក្រៅ”។
លទ្ធផលនៃការស្ទង់មតិរបស់ YouGov ចេញផ្សាយនៅថ្ងៃទី ១៧ខែមករា បានបង្ហាញថា 63% នៃអ្នកឆ្លើយតបបានគាំទ្រការធ្វើកូដកម្មរបស់គិលានុបដ្ឋាកគិលានុបដ្ឋាយិកា។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្ត្រី Rishi Sunak បាននិយាយថា កូដកម្មនេះមិនមែនជា “សកម្មភាពត្រឹមត្រូវ” ហើយបានអំពាវនាវឱ្យសហជីពបញ្ឈប់កូដកម្មដើម្បីបន្តការចរចា៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA