ប៉ូលិសអេស្ប៉ាញបានឃាត់ខ្លួនខ្សែការពារសញ្ជាតិប្រេស៊ីល DaniAlves បន្ទាប់ពីបានសាកសួរគាត់នៅក្នុងប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ នេះបើតាមអ្នកនាំពាក្យរបស់កងកម្លាំង Mossos d’Esquadra ក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា Alves ដែលបានបដិសេធការចោទប្រកាន់នេះ នឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅពេលក្រោយនៅថ្ងៃសុក្រ។ វាមិនច្បាស់ទេថាតើ Alves អាយុ៣៩ឆ្នាំនឹងនៅតែស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីសបន្ទាប់ពីសវនាការ។
ជនរងគ្រោះដែលត្រូវបានចោទប្រកាន់បានប្រាប់ប៉ូលិសថា កីឡាករប្រេស៊ីល និងជាអតីតតារាបាល់ទាត់ក្លិប Barcelona បានស្ទាបនាងនៅក្រោមខោក្នុងរបស់នាងដោយគ្មានការយល់ព្រមពីនាងនៅក្នុងក្លិបរាត្រី Barcelona កាលពីយប់ថ្ងៃទី៣០ ខែធ្នូកន្លងទៅ។
អមដំណើរដោយមិត្តភក្តិរបស់នាង ស្ត្រីរងគ្រោះបានរាយការណ៍ពីហេតុការណ៍នេះទៅបុគ្គលិកសន្តិសុខរបស់ក្លិបរាត្រី បន្ទាប់មកបានជូនដំណឹងដល់ប៉ូលិស។ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទទួលបានការបំភ្លឺពីស្ត្រីរងគ្រោះ។ នាងបានដាក់ពាក្យបណ្តឹងផ្លូវការពីបទរំលោភផ្លូវភេទនៅថ្ងៃទី២ ខែមករាកន្លងទៅ ហើយការស៊ើបអង្កេតបានចាប់ផ្តើមពីថ្ងៃទី២១ មករាទៅ។
Alves បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីដើមខែនេះថា គាត់នៅក្លិបជាមួយមនុស្សផ្សេងទៀត ប៉ុន្តែគាត់បានបដិសេធរាល់អាកប្បកិរិយាបែបនេះ។ គាត់បាននិយាយថា “ខ្ញុំបានរាំ និងមានពេលវេលាល្អដោយមិនបានលុកលុយកន្លែងរបស់អ្នកណាម្នាក់ឡើយ។ ខ្ញុំមិនដឹងថានារីម្នាក់នេះជាអ្នកណ ធ្វើម៉េចឱ្យខ្ញុំធ្វើបែបនោះដាក់មនុស្សស្រី?”។
គួររំលឹកថា ខ្សែការពារ Alves ដែលបានលេងឱ្យ Barcelona ពីឆ្នាំ២០០៨–២០១៦ ហើយបានត្រលប់មកក្រុមអេស្ប៉ាញវិញសម្រាប់រដូវកាល២០២១–២០២២ បច្ចុប្បន្នលេងឱ្យក្លិបម៉ិកស៊ិក Pumas UNAM ។ គាត់បានលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលតាំងពីឆ្នាំ២០០៦ ដោយបានបង្ហាញខ្លួន១២៦ដង និងស៊ុតបញ្ចូលទីបាន៨គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)