ខេត្តកំពង់ធំ ៖ អំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា, ប្រជាពលរដ្ឋ ចំនួន២៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តព្រះពន្លាជ័យ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
នៅក្នុងឱកាសសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ។ ជាមួយនោះដែរសម្ដេចតេជោ លោកបានផ្តាំផ្ញើ សូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ខិតខំថែរក្សាសុខភាព និងជូនពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៃយើង ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះគឺជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។
ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋ និងសូមគោរពជូនពរលោក លោក លោកស្រី អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី