ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជញ្ជីងអចល័តក្រសួងសាធារណការចាប់ផាកពិន័យរថយន្តយីឌុបដឹកស្រូវ៨គ្រឿង ដោយសារដឹកលើសទម្ងន់ដែលច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣  នេះ ក្រុមជញ្ជីងអចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយកម្លាំងខេត្តព្រៃវែង បានឆ្មក់ចុះចាប់ឃាត់បានរថយន្តយីឌុបដឹកស្រូវចំនួន ៨គ្រឿង ដែលបានដឹកស្រូវលើសទំងន់ដែលច្បាប់បានអនុញ្ញាត និងបានហៅម្ចាស់រថយន្តចូលខ្លួនផាកពិន័យទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃដដែលនេះតែម្តង។

ការឆ្មក់ចុះចាប់ក្រុមរថយន្តល្មើសទាំងនេះ បានធ្វើឡើងចាប់ពីម៉ោង១២យប់ ថ្ងៃទី ២៦មករា រហូតដល់ម៉ោង៤ទាបភ្លឺព្រឹកថ្ងៃទី២៧មករា នៅចំណុចទីប្រជុំជនអ្នកលឿង ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយចាប់ឃាត់បានជាបន្តបន្ទាប់សរុប៨គ្រឿង ក្នុងនោះរថយន្តប្រភេទវ៉េអងសណ្តោងរ៉ឺម៉ក៦គ្រឿង និងរថយន្តយីឌុបភ្លៅ៤ចំនួន ២គ្រឿង។

មន្ត្រីជំនាញដែលចុះបង្ក្រាបផ្ទាល់នោះបានឱ្យដឹងថា តាមផ្លូវច្បាប់ រថយន្តវ៉េអងសណ្តោងរ៉ឺម៉ក គឺអនុញ្ញាតឱ្យផ្ទុកទំងន់ត្រឹម៤០តោនប៉ុណ្ណោះ ចំណែករថយន្តយីឌុបភ្លៅ៤ គឺអនុញ្ញាតឱ្យផ្ទុកទំនង់សរុប៣០តោន ប៉ុន្តែពេលចាប់ឃាត់និងថ្លឹងទំងន់ទៅបានរកឃើញថា រថយន្តវ៉េអងបានដឹកលើសទំងន់រហូតដល់ជិត២០តោន ហើយរថយន្តយីឌុបភ្លៅ៤ បានដឹកលើសរហូតដល់ជាង១០តោន ទើបមន្ត្រីជំនាញធ្វើការចាប់ឃាត់ ហើយតម្រូវឱ្យម្ចាស់រថយន្តចូលខ្លួនមកបង់ផាកពិន័យទៅតាមផ្លូវច្បាប់ដែលកំណត់ ក្នុង១តោនពិន័យ៣០ម៉ឺនរៀល ហើយបើដឹកលើសចាប់ពី២០ភាគរយឡើង ផាកពិន័យជាទឹកប្រាក់ផង និងឃាត់រថយន្តទុករយៈពេល១ឆ្នាំទៀត។

ជាមួយគ្នានោះដែរ ក្រុមឈ្មួញដែលជាម្ចាស់រថយន្តម្ចាស់ស្រូវបានលើកឡើងថា ពួកគាត់ទទួលស្គាល់ថាបានដឹកលើសទំងន់ដែលច្បាប់បានកំណត់ពិតមែន ហើយពួកគាត់ក៏ព្រមទទួលបង់ផាកពិន័យផងដែរ ប៉ុន្តែពួកគាត់បានសំណូមពរទៅខាងមន្ត្រីជំនាញវិញ គឺស្នើសុំយកស្រូវទៅលក់នៅព្រំដែនសិន ព្រោះស្រូវដែលនៅលើរថយន្តសុទ្ធតែជាស្រូវសើមទើបច្រូវរួច បើទុកយូរនឹងស្អុយខូចអស់ ប៉ុន្តែសំណូមពរនេះមន្ត្រីជំនាញមិនយល់ព្រមនោះទេ ដោយតម្រូវឱ្យម្ចាស់ស្រូវរករថយន្តផ្សេងមកសាងស្រូវ ព្រោះបើអនុញ្ញាតឱ្យយករថយន្តទៅ ខ្លាចមានបញ្ហាអ្វីផ្សេងកើតឡើង៕

ដោយ៖ សូរិយា


ចែករំលែក៖