ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទ ដាវីន ចេញទៅប្រកួតស្រ្តីឯកចក្រវាឡ២០២៣នៅឌូបៃយ៉ាងជឿជាក់ក្រោមការលើកទឹកចិត្តខ្លាំងពីសាច់ញាតិមិត្តភក្ដិនិងអ្នកគាំទ្រ

ចែករំលែក៖

  ភ្នំពេញ៖ នៅទីបំផុត តារាសម្តែង និងបង្ហាញម៉ូតប្រាសាទ ដាវីន ចេញទៅប្រកួតស្រ្តីឯកចក្រវាឡ២០២៣(Universal Women 2023)នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមហើយកាលពីថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៣នេះ ។ ការចេញទៅប្រកួតលើឆាកអន្តរជាតិ តំណាងឲ្យស្ត្រីខ្មែរលើកដំបូងក្នុងកម្មវិធីនេះទទួលបាន ការលើកទឹកចិត្តខ្លាំងទាំងពីសាច់ញាតិមិត្តភក្ដិនិងអ្នកគាំទ្រជាច្រើន។ 

  ប្រាសាទដាវីន គឺជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកគ្រប់គ្រងកម្មវីធិដែលមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល និងរូបសម្រស់ស្រស់សោភា ដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ហើយត្រូវបានក្រុមអ្នកគាំទ្រពេញចិត្តនឹងការជ្រើសរើសនាងគឺជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធិខាងលើ ដែលគេដឹងដែរថាទាំងចំណេះដឹង និងការប្រើប្រាស់ភាសារបស់នាងក៏មិនធម្មតាដែរ។ 

  នៅលើគេហទំព័រហ្វេសប៊ុករបស់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាគេបានឃើញសារលើកទឹកចិត្ត និងគាំទ្រនៃការធ្វើដំណើរចាកចេញពីកម្ពុជាចេញទៅប្រកួតក្នុងកម្មវិធិប្រកួតមួយនេះ ។ អ្វីដែលជាការកត់សម្គាល់គណនីយហ្វេសប៊ុករបស់អ៊ុំ ស្រីនាង មានឈ្មោះថា Vannida Sinnary  បានផ្ញើសារជូនពរឲ្យនាងធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យជូនក្រុមគ្រួសារនិងប្រទេសជាតិ  ហើយលោកស្រីស្នើឲ្យពលរដ្ឋខ្មែរជួយចែករំលែក និងគាំទ្រ លើកទឹកចិត្តដល់ស្ត្រីខ្មែរដែលមានសមត្ថភាព រូបសម្រស់ មិនចាញ់អ្នកនៅលីវឡើយ ។ សារនេះភ្ជាប់ដោយវីដេអូ និងរូបថតរបស់ដាវីនផងដែរ ខណៈដែលទស្សនិកជន ដែលបានស្គាល់តារាស្រីសម្បុរស្រអែមស្រស់រូបនេះបានផ្ញើសារគាំទ្រលើកទឹកចិត្ត ដែលបានក្លាយជាស្ត្រីខ្មែរដំបូងគេដែលលេចវត្តមានក្នុងកម្មវិធីប្រកួតអន្តរជាតិនេះ។ 

កម្មវិធីដែលស្ត្រីខ្មែររូបនេះចេញទៅប្រកួតដណ្ដើមយកមកុដនេះ គឺជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមានសម្ថភាព និងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅចូលរួមប្រកួតបាន។ ប្រាសាទ ដាវីន បានលើកឡើងមុនឡើងយន្តហោះថា ការសម្រេចចិត្តចេញទៅប្រកួតនេះ ច្បាស់គឺបង្ហាញពីការវិលត្រឡប់មកវិញសារជាថ្មីក្នុងពិភពសិល្បៈ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគឺតែផ្នែកប្រកួតសម្រស់មួយតែប៉ុណ្ណោះ។ អ្នកនាងរំពឹងថា ហ្វេនដែលធ្លាប់គាំទ្ររូបអ្នកនាងតាំងពីជំនាន់ប្រឡង Freshie Girl & Boy នឹងនៅតែបន្ដគាំទ្រជំហរថ្មីនេះម្ដងទៀត ជាពិសេសកម្លាំងចិត្តបោះឆ្នោតនៅថ្ងៃប្រកួតនោះតែម្តង។ 

សូមជម្រាប កម្មវិធី Universal Women 2023 មានបណ្ដាបេក្ខនារីមកចូលរួមប្រកួតពី ៥០ ប្រទេស ដែលប្រព្រឹត្តឡើងនាដើមខែកុម្ភៈ ខាងមុខនេះ ហើយនេះគឺជាលើកដំបូងដែលកម្ពុជាបានបញ្ជូនបេក្ខភាពដើម្បីចូលរួមប្រកួតកម្មវិធីសម្រស់មួយនេះ។ ជូនពរប្រាសាទ ដាវីន សម្រេចក្តីសុបិន្តជូនខ្លួនឯង ក្រុមគ្រួសារ អ្នកគាំទ្រ និងនាំមកនូវមោទកភាពសម្រាប់ពលរដ្ឋខ្មែរ បង្ហាញស្នាមញញឹម និងបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖