ព័ត៌មានទាន់ហេតុការណ៍៖

មានជម្លោះជាមួយប្រពន្ធបងថ្លៃចូលឃាត់កាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាដោយពេលមានជម្លោះជាមួយប្រពន្ធបងថ្លៃចូលមកឃាត់ត្រូវជនសង្ស័យកាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់។

    សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឱ្យដឹងនារសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាត សុីនឿន អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។

    ចំណែកជនរងគ្រោះមានឈ្មោះ ណុប ភា  អាយុ៤១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់មួយកាំបិតត្រូវក្បាលផ្នែកខាងឆ្វេង ហើយត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។

    ប្រភពបន្តថា កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានករណីអំពើហិង្សាដោយចេតនាមួយកើតឡើងរវាងប្អូនថ្លៃ នឹងបងថ្លៃ នៅក្នុងភូមិបារាយណ៍  ឃុំមេសរថ្ងក ស្រុកចន្ទ្រា បង្កឡើងដោយជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតកាប់ទៅលើបងថ្លៃឱ្យរងរបួស។

    ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកចន្ទ្រា បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរថ្ងកទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១០និង៣០នាទី និងបាននាំខ្លួនជនសង្ស័យឈ្មោះសាត សុីនឿន មកសួរនាំ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះប្រាកដមែនដោយសារមូលហេតុខ្លួនឈ្លោះគ្នាជាមួយប្រពន្ធ ហើយបងថ្លៃចូលមកឃាត់ ធ្វើឱ្យរូបគេខឹងក៏ប្រើហិង្សាតែម្ដង។

     បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖