ខេត្តរតនគិរី ៖ គោយន្ត១គ្រឿងលួចដឹកជញ្ជូនឈើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីចាប់បាននៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីចាប់បានសមត្ថកិច្ចកងរាជអាវុធហត្ថប្រគល់គោយន្ត និងឈើនោះឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។
យោងតាមរបាយការណ៍ ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្រុមឈ្មួញលួចដឹកឈើចេញពីចំណុចភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៣នាក់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំចំនួន២នាក់ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់ចំណុចដែលគេរាយការណ៍នឹងបានរុករកក៏ប្រទះឃើញគោយន្តកែច្នៃ១គ្រឿងចតទុកចោល មានផ្ទុកឈើសុក្រមចំនួន ១៣ដុំ មានមុខកាត់ធំៗប្រវែង៣ម៉ែត្រស្មើនឹង ៧.៨៥៥ ម៉ែត្រគូប។ រីឯម្ចាស់បានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅនិងកន្លែង។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើ៕
ដោយ៖ សូរិយា