ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ថ្នាំពុលក្នុងសាច់បោះឱ្យឆ្កែនិងឆ្មាសុីរួចចូលកាត់សោលួចយកម៉ូតូ១គ្រឿងជិះគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-6991 ត្រូវបានពួកចោរកាត់សោទ្វារយកទៅបាត់ បន្ទាប់ពីក្រុមជនសង្ស័យប្រឡាក់ថ្នាំពុលជាមួយសាច់បោះទៅឱ្យសត្វឆ្កែនិងឆ្មាសុីប្រកាច់ងាប់រដូករណែលក្បែរៗផ្ទះក្រោយពីម្ចាស់ផ្ទះភ្ញាក់ពីដំណេក ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីម្សិលមិញ ថ្ងៃអង្គារ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅត្រង់ចំណុចផ្ទះរបស់ម្ចាស់ម៉ូតូឈ្មោះ សួន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ មានករណីក្រុមចោរដាក់ថ្នាំបំពុលសម្លាប់សត្វឆ្កែនិងឆ្មាលួចយកម៉ូតូមួយគ្រឿង តែពុំដឹងថាបាត់កាលពីវេលាម៉ោងប៉ុន្មាននោះទេ។ លុះម្ចាស់ផ្ទះចុះបន្ទោបង់វេលាទៀបភ្លឺមុនកើតហេតុទើបដឹងនិងនាំគ្នាផ្អើលឆោឡោឡើងតែម្ដង។ ករណីនេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងថតយករូបភាពសាកសពសត្វឆ្កែ ឆ្មានិងដុំសាច់ពណ៌ស្វាយសង្ស័យប្រឡាក់ថ្នាំពុល ដើម្បីធ្វើជាវត្ថុតាង ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖