ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលអាចនឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់អ៊ុយក្រែន រុស្ស៊ីព្រមាន

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា លោកកំពុងតែពិចារណា ក្នុងការផ្តល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់ខ្លួន Iron Dome ។ លោក ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២ខែកុម្ភៈនេះ បានប្រកាសនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN ថា «អុីស្រាអែលអាចនឹងផ្តល់អាវុធដល់អ៊ុយក្រែន។
សារព័ត៌មានAFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣បានផ្សាយថា រុស្ស៉ីនៅថ្ងៃ១ ខែកុម្ភៈ បានព្រមានអ៉ីស្រាអែលប្រឆាំងនឹងការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូបាននិយាយថាលោកអាចនឹងពិចារណាលើការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ និងមានចេតនាដើរតួនាទីជា អ្នកសម្រុះសម្រួលក្នុងសង្រ្គាមរវាងអ៊ុយក្រែន នឹងរុស្ស៉ី។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកណេតាន់យ៉ាហ៊ូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេសដែលផ្ដល់អាវុធឱ្យអ៊ុយក្រែនគួរតែយល់ថាយើងនឹងចាត់ទុកអាវុធទាំងនេះ ជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី…»។ លោកស្រី ហ្សាខារ៉ូវ៉ា បន្ថែមថា ការបន្តបញ្ជូនអាវុធបន្ថែមនឹងមានតែធ្វើឱ្យសង្រ្គាមកាន់តែរាលដាលធំឡើង ដែលមនុស្សគ្រប់គ្នាគួរតែដឹងពីរឿងមួយនេះ។
អ៊ុយក្រែនក៏ធ្លាប់បានទទូចស្នើសុំអាវុធជាពិសេសគឺប្រព័ន្ធការពារដែនអាកាសពីអ៉ីស្រាអែលជាច្រើនលើកដែរ តែមិនបានចម្លើយតបជាវិជ្ជមាននោះទេ មកទល់នឹងពេលនេះ។

អ៉ីស្រាអែលបានរក្សានូវទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាអ្នកគ្រប់គ្រងដែនអាកាសនៅប្រទេសជិតខាងរបស់ខ្លួនគឺស៉ីរី និងធ្វើជាមើលមិនឃើញ ចំពោះការវាយប្រហាររបស់អ៉ីស្រាអែលទៅលើគោលដៅអ៉ីរ៉ង់ ដែលជាគូសត្រូវធំរបស់ខ្លួនក្នុងតំបន់៕ ដោយ ៖ ធីរីណា

រូប​ថត​ ៖ CAND


ចែករំលែក៖