ភ្នំពេញ ៖ លោក គង់ គាំ និងភរិយាបានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តបណ្តឹងរូបលោកទៅកាន់ស្ថាប័នតុលាការ ពាក់ព័ន្ធនឹងករណីដីនិងផ្ទះមួយកន្លែងរបស់លោកនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជាមួយនោះ លោក គង់ គាំ ក៏បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។
លោក គង់ គាំ បានរៀបរាប់នៅក្នុងលិខិតនោះថា ខ្ញុំបាទ គង់ គាំ និងភរិយា សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន(ថ្នាក់ដឹកនាំទាំង អស់)គណបក្សប្រជាជនកម្ពុជា បានអះអាងពីសមាន ចិត្តក្នុងរយៈកាលរួមរស់ (ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញ ជាថ្នាក់ ដឹកនាំគណបក្សប្រឆាំង(ឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣)។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើស (ទាំងបង្ខំចិត្ត) ដកហូតដីផ្ទះលេខ ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។
ខ្ញុំបាទ គង់គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយនិងដឹងគុណចំពោះសណ្តានចិត្តរំឭកនិងយកចិត្តទុកដាក់ សណ្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានិងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជា មធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ ។
លើសពីនេះខ្ញុំមានមោទនភាពដែលសម្តេចបានយល់ ស្រប និងគាំទ្រផងដែរនូវឧត្តមគតិ និងគោលជំហររបស់គណបក្សឆន្ទៈខ្មែរបង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលក្រោយមក ខ្ញុំបាទមានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ(ប្រឆាំងក្រុមជ្រុលនិយម) មានវប្បធម៌ថ្មី (ពិគ្រោះ និងផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនាមិនទទួលបានជោគជ័យ។
ក្រោយលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងប្រជាពលរដ្ឋបានគាំទ គណបក្សនយោបាយពីរជាសំខាន់ គឺគណបក្សប្រជាជនកម្ពុជា (កាន់អំណាច) និងគណបក្សភ្លើងទៀន។ ខ្ញុំ បាទ គង់ គាំ និងគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចការរួបរួម គឺដើម្បីគោលដៅអនុវត្តវប្បធម៌នយោបាយថ្មី និងដើម្បីចូលរួមកសាងលំហប្រជាធិបតេយ្យ សេរី ពហុបក្ស ការ គោរពសិទ្ធិនយោបាយ បរិយាកាសបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ (គ្មានវត្តមានក្រុមជ្រុលនិយមផ្តួលរំលំក្រៅសំឡេងឆ្នោតទៀតទេ)។
ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំពីគណបក្សប្រជាជនកម្ពុជាដែលយល់ ឃើញថាកាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។
ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និង បរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នក នយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវការ គោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ៕
ដោយ៖ សូរិយា