ព័ត៌មានទាន់ហេតុការណ៍៖

អណ្តូងរ៉ែមាស “មិនគួរឱ្យជឿ'”ត្រូវបានរកឃើញនៅប្រទេសបូស្នៀ

ចែករំលែក៖

ក្រុមហ៊ុនស្រាវជ្រាវភូគព្ភសាស្ត្រ Lykos Balkan Metals បាននិយាយនៅថ្ងៃទី ២ ខែកុម្ភៈថា ខណៈពេលដែលកំពុងអនុវត្តការងារភូគព្ភសាស្ត្រនៅភាគពាយព្យនៃប្រទេសបូស្នៀ – ហឺហ្សេហ្គោវីណា(Bosnia-Herzegovina) ពួកគេបានជីកយករ៉ែមាសដ៏ធំមួយហើយនឹងត្រូវបានសាកល្បងក្នុងការខួងយក។
លោក Milos Bosnjakovic អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Lykos Balkan Metals បានផ្សាយថា មាសត្រូវបានគេរកឃើញនៅតាមបណ្តោយទន្លេ Pliva ក្បែរទីក្រុង Mrkonjic Grad ។ លោក Bošnjaković បាននិយាយថាមាន “ចំនួនមាសមិនគួរឱ្យជឿ” នៅក្នុងដី។
លោក Bošnjaković បាននិយាយថា “ចំនួនមាសដ៏ច្រើនត្រូវបានបញ្ជាក់នៅទីតាំងចំនួន៣ រហូតដល់ទៅ 27.5 ក្រាមក្នុងមួយតោនដី ដែលមិនគួរឱ្យជឿ មានក្នុងរយៈចម្ងាយ ៦០ ម៉ែត្រ។ នេះគឺជាការប្រមូលផ្តុំមាសខ្ពស់មិនធម្មតាសូម្បីតែសម្រាប់អណ្តូងរ៉ែមាសដ៏ល្បីល្បាញលើពិភពលោកក៏មានមិនច្រើនដូចនៅទីនេះដែរ”។
យោងតាមលោក Bošnjaković បានបញ្ជាក់ថា វានឹងចំណាយពេលច្រើនឆ្នាំដើម្បីកំណត់ថា តើអណ្តូងរ៉ែមាសមានលក្ខណៈសមរម្យសម្រាប់ការជីកយករ៉ែឬអត់ ប៉ុន្តែបានកត់សម្គាល់ថា “ការធ្វើតេស្តគំរូនៅក្នុងមន្ទីរពិសោធន៍បង្ហាញថាមានសក្តានុពលខ្ពស់សម្រាប់ការស្រាវជ្រាវភូមិសាស្ត្របន្ថែមទៀត។ សក្តានុពលភូគព្ភសាស្ត្រនៃតំបន់នេះ ក៏ជាសក្តានុពលវិនិយោគដ៏សំខាន់សម្រាប់ការអភិវឌ្ឍមិនត្រឹមតែទីក្រុងខាងលើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពលរដ្ឋនៅទីនោះ និងការកែលម្អលក្ខខណ្ឌសេដ្ឋកិច្ចក្នុងតំបន់ដែលមានទំហំធំជាងមុនដែរ”។
ក្រុមហ៊ុនមេគឺ Lykos Metals ដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនអូស្ត្រាលី និងមានក្រុមហ៊ុន សម្ព័ន្ធនៅតំបន់បាល់កង់ បាននិងកំពុងធ្វើការស្រាវជ្រាវភូមិសាស្ត្រនៅបូស្នៀ-ហឺហ្សេហ្គោវីណា និងនៅទូទាំងតំបន់បាល់កង់ចាប់តាំងពីឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Euractiv


ចែករំលែក៖