គិតត្រឹមព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ចំនួនមនុស្សស្លាប់សរុបដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង ៤៣០០នាក់ និងរបួសជិត១៥.០០០នាក់។
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសទួរគីនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងដល់ ២,៩២១នាក់ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីជិតខាងមានចំនួន ១,៤៥១នាក់។
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក ទទួលបន្ទុកគ្រោះអាសន្ននៅអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ២ម៉ឺននាក់។ អ្នកស្រី Smallwood បាននិយាយថា “យើងតែងតែឃើញរឿងដូចគ្នាជាមួយនឹងការរញ្ជួយដីផ្សេងទៀត ដែលចំនួនដំបូងនៃអ្នកស្លាប់និងរបួសគឺខ្ពស់ណាស់ក្នុងរយៈពេលមួយសប្តាហ៍” ។
សហភាពអឺរ៉ុប (EU) បានដំណើរការយន្តការឆ្លើយតបវិបត្តិរបស់ខ្លួន ដើម្បីពន្លឿនការគាំទ្រសម្រាប់ទួរគីនិងស៊ីរី។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី លោក Jeff Flake បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនអង្គភាពរុករក និងជួយសង្គ្រោះចំនួនពីរទៅកាន់ប្រទេសទួរគី។
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Muhammad Shtayyeh បាននិយាយថា ក្រុមពេទ្យ និងការពារជនស៊ីវិលរបស់ប្រទេស នឹងត្រូវបញ្ជូនទៅកាន់ប្រទេសទួរគី និងស៊ីរី ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ។ អុីរ៉ាក់ក៏បាននិយាយដែរថា ខ្លួននឹងបញ្ជូនជំនួយដល់ជនរងគ្រោះដោយសាររញ្ជួយដី។
ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរលំខ្ទេចខ្ទីនៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ រីឯចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ១៤,៥០០នាក់ឯណោះ ដោយនៅទួរគី មានអ្នករងរបួសជាង ១២,០០០នាក់ និង ៣,៤១១នាក់ នៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ ទួរគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)