លោកស្រី Anne Hidalgo ជាថ្នាក់ដឹកនាំរៀបចំការប្រកួតបាននិយាយកាលពីខែមុនគាត់ពេញចិត្តនឹងប្រទេសរុស្ស៊ីដែលប្រកួតប្រជែងនៅក្រោមបដាអព្យាក្រឹត ប៉ុន្តែបានផ្លាស់ប្តូរជំហរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ជនជាតិរុស្សុី និងបេឡារូស អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត។
លោកស្រី Hidalgo បាននិយាយថា “វាមិនអាចទៅរួចទេក្នុងការដង្ហែរដូចជាគ្មានអ្វីកើតឡើងទេ ខណៈពេលដែលគ្រាប់បែកនៅតែបន្តភ្លៀងធ្លាក់លើអ៊ុយក្រែន។ បដាអព្យាក្រឹតពិតជាមិនមានទេ ព្រោះពេលខ្លះមានអត្តពលិកដែលជាអ្នកប្រឆាំង។ ពួកគេដើរដង្ហែ និងប្រកួតក្រោមបដាជនភៀសខ្លួន។ បដាអព្យាក្រឹតគឺជាប្រធានបទ ហើយនោះជាជម្រើសដែលពួកគេបានធ្វើ។ ខ្ញុំមិនពេញចិត្តនឹងជម្រើសនោះទេ”។
អ៊ុយក្រែនបានគំរាមធ្វើពហិការមិនចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ ប្រសិនបើផែនការរបស់ IOC ដំណើរការទៅមុខ។ ម្ចាស់ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកអ៊ុយក្រែន Oleksandr Usyk បាននិយាយថា មេដាយណាមួយដែលអត្តពលិករុស្ស៊ីឈ្នះក្រោមបដាអព្យាក្រឹតនឹងក្លាយជា “មេដាយឈាម” ។
នៅក្នុងសារវីដេអូដែលផ្ញើទៅកាន់ប្រធាន IOC លោក Thomas Bach ដែលបានបង្ហោះនៅលើគណនី Instagram ផ្លូវការរបស់លោកបាននិយាយថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានឈ្លានពានប្រទេសរបស់យើង និងសម្លាប់ជនស៊ីវិល។ កងទ័ពរុស្ស៊ីកំពុងសម្លាប់អត្តពលិក និងគ្រូបង្វឹកអ៊ុយក្រែន និងបំផ្លាញទីលានកីឡា ក៏ដូចជាសាលកីឡា។ មេដាយដែលអត្តពលិករុស្ស៊ីនឹងឈ្នះគឺមេដាយឈាម សេចក្តីស្លាប់ និងទឹកភ្នែក។ ខ្ញុំសូមជូនពរឱ្យអ្នកមានមេឃសន្តិភាពពីលើអ្នក និងមានសុខភាពល្អ និងសុភមង្គល” ។
កាលពីដើមសប្តាហ៍នេះ គណៈកម្មាធិការអូឡាំពិក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស ស៊ុយអែត និងដាណឺម៉ាក បានគាំទ្រការអំពាវនាវឱ្យមានការហាមឃាត់ចំពោះអត្តពលិករុស្ស៊ី និងបេឡារូសដោយអះអាងថា “ឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីពិចារណាការត្រឡប់មកវិញរបស់ពួកគេទេ” ។
កាលពីសប្តាហ៍មុនប្រទេសឡាតវី លីទុយអានី អេស្តូនី និងប៉ូឡូញ សុទ្ធតែបានសម្តែងការប្រឆាំងនឹងការដាក់បញ្ចូលអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារូសដែលត្រូវបានហាមឃាត់បន្ទាប់ពីការលុកលុយរបស់អតីតអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាតវី Edgars Rinkevics បាននិយាយថា វានឹងមិនអាចទទួលយកបានសម្រាប់អត្តពលិកមកពីប្រទេសទាំងពីរដើម្បីចូលរួមនៅអូឡាំពិកឆ្នាំ២០២៤ ខណៈដែលរដ្ឋមន្ត្រីកីឡា និងទេសចរណ៍របស់ប្រទេសប៉ូឡូញ Kamil Bortniczuk ជឿជាក់ថា ប្រទេសចំនួន៤០អាចធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកលើកក្រោយ ដូច្នេះហើយធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលគ្មានន័យ។
IOC បានអំពាវនាវឱ្យសហព័ន្ធដកអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារូសបន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន និងបានហាមឃាត់ប្រជាជាតិនានាពីការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្នុងខែមីនា ២០២២ ទោះបីជាអត្តពលិកត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្រោមទង់អព្យាក្រឹតក៏ដោយ។
ការដាក់ទណ្ឌកម្មបន្ថែមទៀតត្រូវបានប្រកាសនៅទូទាំងកីឡាផ្សេងទៀត រួមទាំងបាល់ទាត់ បាល់ឱប ប្រណាំងរថយន្ត ជិះកង់ និងហែលទឹក ខណៈដែលកីឡាករវាយតឺន្នីសរុស្ស៊ី និងបេឡារូសត្រូវបានហាមឃាត់មិនឱ្យលេងនៅព្រឹត្តិការណ៍ Wimbledon ។
ទោះជាយ៉ាងណាក៏ដោយ IOC បានប្រកាសកាលពីខែមុនថា ខ្លួននឹងស្វែងរកផ្លូវមួយសម្រាប់អត្តពលិកមកពីប្រទេសទាំង២ដើម្បីប្រកួតប្រជែងនៅប៉ារីសឆ្នាំ២០២៤។ ចំណាត់ការនោះត្រូវបានរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អត្តពលិកសម្រាប់អ៊ុយក្រែន និងសមាគមអត្តពលិកសកល ដែលបាននិយាយថា ការសម្រេចចិត្តនេះបង្ហាញថា IOC គាំទ្រដល់សង្គ្រាមដ៏ឃោរឃៅរបស់រុស្សុី និងការឈ្លានពានអ៊ុយក្រែន។
ក្នុងករណីខាងលើនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyបាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីប្រកួតប្រជែងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនឹងបង្ហាញថា “ភេរវកម្មគឺអាចទទួលយកបាន” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)