ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុVOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់របស់សម្ដេចតេជោ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្ដេចតេជោ បានថ្លែងបន្តថា ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០៖០០នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ័បញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង១០៖០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។
សម្ដេចតេជោ សង្កត់ធ្ងន់ថា ដំបៅមិនឈឺកុំយកឈើចាក់។បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។
ស្អែកនេះលោក ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឱ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ,សម្ដេច ទៀ បាញ់ លោកស្រី ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕
ដោយ៖ស តារា