ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបើកការឆ្មក់បង្ក្រាបទីតាំងឃ្លាំងមួយកន្លែងត្រង់ចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ។
អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន និងការផ្តល់ព័ត៌មានពីពលរដ្ឋជាបន្តបន្ទាប់ ទេីបកម្លាំងអាជ្ញាធរជំនាញបានបើកការស្រាវជ្រាវ និងតាមដានជាប់លាប់ដោយកំណត់បានច្បាស់ថា ទីតាំងខាងលេីមានការលួចលាក់លេងល្បែងសុីសង ទើបកម្លាំងអាជ្ញាធរ រៀបចំកម្លាំងបើកការឆ្មក់បង្ក្រាបជាក់ស្តែងតែម្តង ។
លោកអភិបាលខណ្ឌបន្តថា ក្នុងការចុះបង្ក្រាបនេះក្រុមអ្នកលេងល្បែងទាំងនោះបានរត់គេចខ្លួនតាមទ្វារក្រោយអស់ ដូច្នេះហើយ កម្លាំងចម្រុះ ចុះដកហូតបានតែវត្ថុតាងមួយចំនួនធំ ពាក់ព័ន្ធនឹងល្បែងស៊ីសង ដូចជាបៀអាប៉ោង ជាដើម និងដកហូត បានម៉ូតូចំនួន០៦គ្រឿងផងដែរ ។
ក្រោយការដកហូត វត្ថុតាងទាំងអស់ ត្រូវបញ្ជូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីរក្សាទុកបណ្តោះអាសន្ន ។ ដោយឡែកទីតាំងខាងលេី ត្រូវអាជ្ញាធរធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន ៕
ដោយ ៖ ភារ៉ា ដង្កោ