ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន​ចំពោះ​ចរន្ត​អគ្គិសនី​ ខណៈ​តាអាចារ្យម្នាក់​ លើក​មេក្រូ​ជិត​ខ្សែភ្លើងបណ្តាល​ឱ្យឆ្លង​ចរន្ត​ឆក់​ស្លាប់​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកតាអាចារ្យម្នាក់​ បានស្លាប់​និង​របួសស្រាល​ម្នាក់​ ដោយសារ​លើក​មេក្រូ​ជិត​បណ្តាញ​អគ្គិសនី​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​។

នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

របាយការណ៍​ដដែល​បន្តថា​ មាន​ករណី​ឆក់​ខ្សែភ្លើង​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​របួសស្រាល​ម្នាក់​ កាលពីថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ម្សិលមិញ​​ នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​​។ 

​លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ និង​កំណត់​ ករណី​ឆក់​ខ្សែភ្លើង​នេះ​បណ្ដាល​ឱ្យស្លាប់​ម្នាក់​ ជន​រង​គ្រោះ​ឈ្មោះ​ វង្ស​ ចាប​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ មុខរបរ​ (​អាចារ្យវត្ត​)​ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ និង​របួសស្រាល​ម្នាក់​ទៀត​ឈ្មោះ​ ឡេ​ង​ ឈ​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​ 

​សមត្ថកិច្ច​បាន​រាយការណ៍​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​យក​ឫស្សី​ស្រស់​ចង​មេក្រូ​ជិត​ខ្សែភ្លើង​នាំ​ឱ្យឆ្លង​ចរន្ដអគ្គិសនី​ចូល​ក្នុងផ្ទះ​បុណ្យ​ ទើប​បណ្តាល​ឱ្យមាន​មនុស្ស​ឆក់​ស្លាប់​ និង​រង​របួសស្រាល​បែប​នេះ​ ។​

​ក្រោយ​ពី​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ សព​ឈ្មោះ​ វង្ស​ ចាប​ នេះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ៕

ដោយ​៖សហការី​


ចែករំលែក៖