ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមដេញកាប់ម៉ូតូគេធ្វើឱ្យខូចខាត ត្រូវជនរងគ្រោះដាក់ពាក្យបណ្ដឹង នគរបាលក្រុងប៉ៃលិនចុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលា ម៉ោង១៥និង៣០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃដ្ឋានអធិការនគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹង០១ករណី ពីបទធ្វើឱ្យខូចខាតដោយចេតនា(កាប់ម៉ូតូបង្កឡើងដោយក្រុមក្មេងទំនើង)នៅចំណុចមុខហាង១៩៩៣ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម៖

១-ជនរងគ្រោះឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានបន្តថា÷ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២និង១០នាទី ជនរងគ្រោះនិងមិត្តភក្កិឈ្មោះ ផៃ សុមឿន ភេទប្រុស អាយុ១៩ឆ្នាំ និង ឈ្មោះ អុល តួ ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូចំនួន០២គ្រឿង ចេញមកពីផ្ទះនៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទាំងអស់គ្នាដើម្បីមកលេងមិត្តភក្ដិឈ្មោះ ចាន់ ភេទស្រី និង ឈ្មោះ ធី ភេទប្រុស ធ្វើការនៅហាង១៩៩៣ រហូតដល់ម៉ោង២៣និង២០នាទី ជនរងគ្រោះរួមទាំងមិត្តភក្កិបានឡើងម៉ូតូបម្រុងចេញមកផ្ទះវិញស្រាប់តែជនបង្កមានគ្នាប្រហែលចំនួន០៩នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ប្រដាប់ដោយកាំបិត,ដំបង,ដុំថ្ម បានចុះមកពីលើម៉ូតូចូលមកដេញកាប់ទៅលើក្រុមជនរងគ្រោះ ពេលនោះក្រុមជនរងគ្រោះបានរត់ចូលទៅហាង១៩៩៣វិញបន្សល់ទុកម៉ូតូចំនួន០២គ្រឿង ស៊េរីឆ្នាំ២០១៧ និងស៊េរីឆ្នាំ២០១៩ ត្រូវក្រុមជនបង្កកាប់បណ្តាលឱ្យខូចខាតផ្នែកក្បាលនិងអាវជាមធ្យមទាំង ០២គ្រឿង ក្រោយធ្វើសកម្មភាពរួចក្រុមជន បង្កទាំងអស់បានជិះម៉ូតូរត់គេចខ្លួនបាត់។

មន្ត្រីនគរបាលជំនាញក្រុងបានបន្តថា÷ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង១១និង៤០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនបង្កចំនួន០១នាក់ នៅចំណុចរោងចក្រចិន ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំជនសង្ស័យ ឈ្មោះ សយ សុភី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករបេះស្វាយ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)

-វត្ថុតាងដកហូតរួមមាន៖

១-ម៉ូតូម៉ាកMSLAZ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១HR-១៤០១។

រួចក៏យកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ក្រោយពីសាកសួររួចជនបង្កបានសារភាពថា ខ្លួននិងបក្សពួកមានគ្នាចំនួន០៧នាក់៖

១-ឈ្មោះ រដ្ឋ ហៅហុីង ភេទប្រុស នៅភូមិស្រង់មានជ័យ ស្រុកសាលាក្រៅ។

២-ឈ្មោះ អុីង ភេទប្រុស នៅភូមិអូរអណ្តូង ស្រុកសាលាក្រៅ។

៣-ឈ្មោះ ទីណា ភេទប្រុស នៅភូមិទឹកចេញ ស្រុកសាលាក្រៅ។

៤-ឈ្មោះ យក្ស ភេទប្រុស នៅភូមិទឹកចេញ ស្រុកសាលាក្រៅ។

៥-ឈ្មោះ ណុច ភេទប្រុស នៅភូមិស្រង់មានជ័យ ស្រុកសាលាក្រៅ។

៦-ម្នាក់ទៀតមិនស្គាល់ឈ្មោះ។

-ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើម៉ូតូក្រុមជនរងគ្រោះពិតប្រាកដមែន ក្រោយពីធ្វើសកម្មភាពរួចជនបង្កខាងលើបានគេចខ្លួនបាត់។

-ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖