ខេត្តកំពង់ចាម៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកំពង់ចាម រួមនិងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការដា្ឋនសាងសង់ផ្លូវបេតុង២ខ្សែ ប្រវែង១៨.២៤គីឡូម៉ែត្រ ដោយខ្សែទី១-ប្រវែង១១.០៤ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២៖ ប្រវែង ៧.២គីឡូម៉ែត្រ ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ដែលជាឃុំដាច់ស្រយាលមួយរបស់ស្រុកស្រីសន្ធរ និងជាសសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សារ។
ទន្ទឹមនេះជាបណ្តាញគមនាគមន៍ដ៏សំខាន់មួយភា្ជប់ទៅកាន់ដែនដីប្រវត្តិសាស្ត្ររបស់កម្ពុជា គឺរាជធានីបុរាណទូលបាសានសតវត្សទី១៥ ដែលនឹងបង្កើតរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមកកាន់តែកៀក និងបង្កើនការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិទៅកាន់តំបន់ប្រវត្តិសាស្ត្រនេះបន្ថែមទៀត នៅពេលផ្លូវទាំងពីរខ្សែនេះបានស្ថាបនារួច។
លោក ហ៊ុន ម៉ានិត មានប្រសាសន៍ថា ការស្ថាបនាផ្លូវទាំងពីរខ្សែនេះឡើងគឺបានផ្ដល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ ចូលទៅទីផ្សារផងដែរ។ ទន្ទឹមនឹងនេះ សូមបង ប្អូនប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យយោគយល់ នៅក្នុងកំឡុងពេលសាងសង់ផ្លូវនេះ នូវប្រការរំខានណាមួយ។
លោក ហ៊ុន ម៉ានិត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋផងដែរថា បន្ទាប់ពីផ្លូវបានសាងសង់រួច សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមចំណែកថែទាំផ្លូវទាំងនេះផង ជាពិសេសការដឹកជញ្ជូនកសិផល កុំដឹកឲ្យលើសទម្ងន់ខ្លាំងពេក ព្រោះអាចធ្វើឲ្យផ្លូវនេះឆាប់ខូច។ ម្យ៉ាងទៀត ពេលបានផ្លូវល្អហើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ពិសេសសូមកុំបើកបរក្នុងស្ថានភាពស្រវឹងហើយ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្រៅពីការបើកការដ្ឋានសាងសង់ផ្លូវ២ខ្សែខាងលើនេះ លោក ហ៊ុន ម៉ានិត បានឯកភាពជាមួយអាជ្ញាធរខេត្តកំពង់ចាមសិក្សា នឹងស្ថាបនាផ្លូវប្រវែង១ គីឡូម៉ែត្រទៀត ចូលទៅរាជធានីបុរាណទួលបាសាន ជាដែនដីប្រវត្តិសាស្ត្ររបស់កម្ពុជា សតវត្សទី១៥ ដែលគម្រោងនេះ នឹងត្រូវអនុវត្តបន្តបន្ទាប់ក្រោយពេលស្ថាបនាផ្លូវពីខ្សែជាង ១៨គីឡូម៉ែត្រនោះរួច៕
ដោយ៖ សូរិយា