អ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte នឹងខកខានការប្រកួតក្នុងផ្ទះនៃក្របខ័ណ្ឌ Premier League របស់ក្រុមរបស់គាត់ជាមួយនឹងក្រុម West Ham United នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលគាត់បន្តព្យាបាលឲ្យជាសះស្បើយពីការវះកាត់ថង់ទឹកប្រមាត់។
លោក Conte នៅតែស្ថិតក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីក្រុម Tottenhamចាញ់ក្រុម AC Milan ក្នុងលទ្ធផល ១–០ ក្នុងការប្រកួត Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ។
ក្លិប Tottenham បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការត្រួតពិនិត្យក្រោយពេលប្រតិបត្តិការជាប្រចាំនៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ លោក Antonio Conte នឹងស្នាក់នៅផ្ទះគ្រួសាររបស់គាត់ដើម្បីបន្ត និងរក្សាសុខភាពឲ្យជាសះស្បើយពេញលេញបន្ទាប់ពីការវះកាត់ថង់ទឹកប្រមាត់នាពេលថ្មីៗនេះរបស់គាត់។ សុខភាពគឺជាការពិចារណាដ៏សំខាន់បំផុត ហើយគ្រប់គ្នានៅក្នុងក្លិបសូមជូនពរគាត់ឱ្យមានសុខភាពល្អ”។
គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានខកខានការទទួលជ័យជម្នះ ១–០ របស់ក្រុមTottenham លើក្រុម Manchester City កាលពី១១ថ្ងៃមុនបន្ទាប់ពីបានទទួលការវះកាត់ ប៉ុន្តែបានត្រឡប់មកទីលានវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុនជាមួយនឹងក្រុម Leicester City ដែលពួកគេបានចាញ់ក្នុងលទ្ធផល ៤–១ ។
លោក Cristian Stellini ជំនួយការរបស់លោក Conte នឹងទទួលបន្ទុកម្តងទៀតសម្រាប់ប្រកួតក្រុមដំបូង។
ក្រុម Tottenham កំពុងឈរនៅលេខរៀងទី៥ក្នុងក្របខ័ណ្ឌ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)