ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី។
តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសូមការអនុញ្ញាតពីសម្តេចតេជោ ប្រើប្រាស់ និងនិយាយជាសាខ្មែរ។ លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១០។ បើប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ននេះ ឯកឧត្តមបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានោះ លោកឯកអគ្គរាជទូត បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដានៃជំងឺកូវីដ១៩ បើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ,ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ការយកចិត្តទុកដាក់របស់សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈាន ទៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់ លោក គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ លោក ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ លោក ដូមីនិក ដែលបាននិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ សម្ដេចតេជោ ក៏បានថ្លៃអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីនផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើនជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបញ្ជាក់ជូនឯកឧត្តម ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បាន លើកទឹកចិត្តឱ្យមានការវិនិយោគអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ៕
ដោយ ៖ សិលា