ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់បើកបរម៉ូតូមិនប្រុងប្រយ័ត្នជាន់ថ្មក្រឡាច់ដួលបោកក្បាលរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលា​ម៉ោង​១៨និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើកបរម៉ូតូលឿនមិនប្រុងប្រយ័ត្តតាមបណ្ដោយផ្លូវក្រាលក្រួសក្រហមក្នុងទិសដៅពីក្បួងទៅជើងក៏ក្រឡាច់នឹងថ្មដួលម៉ូតូដោយខ្លួនឯងបណ្ដាលឱ្យបែកក្បាលទៅរងរបួសធ្ងន់ធ្ងរ។

ក្រោយមកត្រូវបានបងប្អូននិងអ្នកភូមិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អៃកខេត្តប៉ៃលិន។  បន្ទាប់ពីលោកគ្រូពេទ្យបានពិនិត្យរួចមក ដោយជនរងគ្រោះឋិតក្នុងសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារនិងលោកគ្រូពេទ្យជំនាញក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង តែជនរងគ្រោះក៏បានស្លាប់ទៅ។  ករណីនេះកើតឡើងនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  រីឯម៉ូតូជនរងគ្រោះខូចខាតក្នុងកម្រិតស្រាល។

បើតាមប្រភពពីសមត្តកិច្ចនគរបាលមូលដ្ឋានប្រចាំការនៅប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឱ្យដឹងថា ជនរងគ្រោះដែលបើកបរម៉ូតូដួលខ្លួនឯងនោះឈ្មោះ ពិត ផល ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក់ហុងដាឌ្រីម សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D-7415 រងរបួសធ្ងន់(ដោយមិនពាក់មួកសុវត្តិភាព)។

សមត្តកិច្ចមូលដ្ឋានបានបន្តថា  ករណីនេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវថ្នល់(ក្រឡាច់នឹងថ្មដួលបោកក្បាល)។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបន្ទាប់មកដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារនិងលោកគ្រូពេទ្យក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។  លុះដល់វេលារំលងអធ្រាត្រជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ចំណែកវត្ថុតាង(ម៉ូតូ)ត្រូវបានប្រគល់ឱ្យសាច់ញាតិ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖