ព័ត៌មានទាន់ហេតុការណ៍៖

នាំបងប្អូនទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់ត្រូវបានបងប្រុសបង្កើតអះអាងប្រាប់សមត្ថកិច្ចនគរបាលថា ប្អូនប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារឆ្លងចរន្តឧបករណ៍ឆក់ត្រី(អាំងវ៉ាទ័រ)នៅគ្រាដែលពួកគាត់នាំគ្នាទៅរកត្រីកន្លែងបឹងមួយនៅក្បែរភូមិ ។

ហេតុការណ៍អ្នកឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនេះ បានកើតឡើងននាព្រឹកថ្ងៃសុក្រ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបឹងត្រាំម្នាស់ ស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ តូ សានឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងរបាយការណ៍ដដែលនោះស្រ្តីឈ្មោះ ធឿន លីម អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធសព(តូ សានឿន)បានប្រាប់សមត្ថកិច្ចថា នៅវេលាព្រឹកមុនកើតហេតុប្ដីរបស់គាត់ បានចេញទៅរកត្រីនៅចំណុចបឹងនោះពិតមែន ដោយទៅជាមួយបងថ្លៃ(បងបង្កើតប្ដីរបស់គាត់)ឈ្មោះ តូ ថា ដោយប្ដីរបស់គាត់ស្ពាយប្រដាប់ឆក់ត្រី ស្រាប់តែគាត់កំពុងហូបការកូនអ្នកភូមិក្បែរគ្នា បងថ្លៃ(តូ ថា)ទូរស័ព្ទប្រាប់ថាប្ដីអូនឯងស្លាប់ហើយ ប្រាប់បងប្អូនសាច់ញាតិបរគោយន្តមកដឹកសពទៅផ្ទះ គាត់លឺបែបនេះទន់ជង្គង់រកគិតអ្វីក៏គិតពុំចេញដែរ ។

ក្នុងរបាយការណ៍ ឈ្មោះ តូ ថា បងប្រុសបង្កើតដែលទៅជាមួយបានរៀបរបប្រាប់សមត្ថកិច្ចនគរបាលយើងថា ខ្លួន(តូ ថា)និងប្អូនប្រុស(ស្លាប់)តូ សានឿន ពេលទៅដល់កន្លែងរកត្រី(បឹង)ខ្លួនបានទៅរាយមងដែលនៅចម្ងាយពីគ្នាប្រមាណ១គីឡូម៉ែត្រ លុះរាយមងរួចរាល់ខ្លួនត្រឡប់មកកន្លែងហូបបាយ ដោយបាត់ប្អូនប្រុសយូរពេកក៏ដើររក ស្រាប់ឃើញប្អូនប្រុសស្លាប់ឈរក្នុងទឹកដោយលឺសំឡេងអាំងវ៉ាទ័រតេត ខ្លួនក៏ស្ទុះទៅដកដង្គាបអាគុយគ្រាប្អូនឡើងគោក រួចទូរស័ព្ទមកប្រាប់អ្នកផ្ទះតែម្ដង សពមានស្នាមឆេះខ្លោចកែងដៃឆ្វេង ។

បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖