ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា, (ស.ស.យ.ក) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា, «ការគិតគូរ ជ្រើសរើសបេក្ខភាព បងណែត (ឯកឧត្តម ហ៊ុន ម៉ាណែត) ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ផ្អែកជាចម្បងលើការគាំទ្រពីគ្រប់មជ្ឍដ្ឋាន ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព ។»
លោក ហ៊ុនម៉ានី មានប្រសាសន៍ថា, ម្សិលមិញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. ខ្ញុំបានអំពាវនាវ ឲ្យសមាជិក សមាជិកា ស.ស.យ.ក ស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិពេញលេញក្នុងភាពជាអ្នកដឹកនាំរបស់បងណែត ដែលជាប្រធានកិត្តិយស ស.ស.យ.ក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ថ្ងៃនេះ ឆ្លៀតឱកាសនៃការសម្ពោធក្រុមហ៊ុន អាកាសា មីឌាសឹលូសិក ដែលជាចលករក្នុងវិស័យឯកជនសំខាន់មួយសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិនាថ្ងៃអនាគតដែរនោះ ខ្ញុំសូមលើកឡើងសារជាថ្មី លើលក្ខណៈសម្បត្តិរបស់ បងណែត ក្នុងបេក្ខភាពជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ជាមួយមូលហេតុមួយចំនួនសម្រាប់ជាការពិចារណា៖
លោក ហ៊ុនម៉ានី គូសបញ្ជាក់ថា, ចំណុចទី១គឺ ការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស៖ ការជ្រើសរើស បងណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត មិនមែនជារឿងពីការបន្តពីឳពុក មកកូន ក៏មិនមែនជាការចៃដន្យនោះទេ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ការជ្រើសរើសនេះ កើតក្រោយពីមានការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាពដោយថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ចំណុចទី២ គឺជាការគាំទ្រពីមជ្ឍដ្ឋានមហាជន និងការទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព ៖ មានមនុស្សមិនតិចទេធ្លាប់បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយ បងណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ បងណែត គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានបទពិសោធជោគជាំលើការងារប្រតិបត្តិជាក់ស្តែង។ ជាងនេះទៅទៀត បងណែត យល់យ៉ាងច្បាស់ពីក្របខណ្ឌគោលនយោបាយ រដ្ឋបាល ផែនការអភិវឌ្ឍជាតិ ការកសាង និងដឹកនាំប្រទេសជាតិ ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ជាប្រចាំលើជំរុញវិស័យឯកជន ដែលជាប្រភពមួយនៃកំណើនសេដ្ឋកិច្ចជាតិ។
លោកបន្តថា, ដោយឡែក ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក បងណែត បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុតរបស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។
ចំណុចទី៣ គឺកិច្ចការក្នុងក្របខណ្ឌអន្តរជាតិ៖ បងណែត តែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឲ្យក្រសួងការពារជាតិជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់ ក៏ដូចជាជាមួយ បណ្តាប្រទេសជាមិត្ត ដែលនេះបានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់ របស់បងណែត ជាមួយការគាំទ្រ ពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ។
ជារួម ការថ្លឹងថ្លែងលើបេក្ខភាព បងណែត កើតចេញពីការគិតគូរវែងឆ្ងាយលើភាពយូរអង្វែងនៃការដឹកនាំប្រទេស ទាំងសមត្ថភាព ចំណេះដឹង សិល្បៈនៃការដឹកនាំ ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដែលសំដៅដល់សមត្ថភាពនៃការដឹកនាំប្រទេសប្រកបដោយវិបុលភាព ជាមួយការរក្សាបាននូវស្ថិរភាពសង្គមនយោបាយ សន្តិភាព និងធានានិរន្តរភាពនៃការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៅអនាគត ៕
ដោយ ៖ សិលា