ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាយោធាចូលនិវត្តន៍ម្នាក់ដែលទំនងផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បានយកគ្រាប់បែកមកបោក បណ្តាលឱ្យរបួសធ្ងន់ស្រាល៦នាក់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ៦៩ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនរងគ្រោះមានទី១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ (របួសធ្ងន់)។
ទី២-ឈ្មោះ ហ៊ីង សារ៉ាន់ ភេទស្រី អាយុ ៥៨ឆ្នាំ (របួសស្រាល)។ ៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រី អាយុ៣៤ឆ្នាំ(របួសស្រាល) ។ ទី៤-ឈ្មោះ ប៉ែន ស៊ីថា ភេទស្រី អាយុ៥៦ឆ្នាំ(របួសស្រាល)។ ទី៥-ឈ្មោះ ពណ៌ អុីម៉ី ភេទស្រី អាយុ ៣ឆ្នាំ(របួសស្រាល) និងទី៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ៣ឆ្នាំ(របួសស្រាល)អ្នកទាំង៦នាក់មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
ក្រោយកើតហេតុ ជនរងគ្រោះ ទាំង៦នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបោកគ្រាប់បែកនេះ មកពីជនសង្ស័យផឹកស្រាស្រវឹងនិងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ។
រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ និងកំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ សុថាន