ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ចាប់ខ្លួនជនសង្ស័យ១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សរាប់ពាន់នាក់

ចែករំលែក៖

ប៉ូលិសអុីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សស្រីរាប់ពាន់នាក់នៅសាលារៀនទូទាំងប្រទេសអុីរ៉ង់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប៉ូលិសអុ៏រ៉ង់កាលពីថ្ងៃទី១៥ ខែមីនា បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន ១១០ នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សានុសិស្សរាប់ពាន់នាក់។
សិស្សសាលាបានលើកឡើងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 មក មានក្លិន “មិនល្អ” នៅក្នុងបរិវេណសាលា (ភាគច្រើនជាសាលារបស់ក្មេងស្រី) ធ្វើឱ្យសិស្សជាច្រើននាក់ដកដង្ហើមខ្លី ចង្អោរ និងវិលមុខ កុមារជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យ។
រហូតមកដល់ពេលនេះ ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់សាលារៀនចំនួន 230 កន្លែង នៅក្នុងខេត្តចំនួន25 ក្នុងចំណោម31ខេត្ត នៃប្រទេសអុីរ៉ង់ សិស្សជាង 5.000 នាក់ត្រូវបានបំពុល។
ឧត្តមសេនីយ៍ Saeed Montazerolmehdi អ្នកនាំពាក្យរបស់ប៉ូលិសអុីរ៉ង់កាលពីថ្ងៃទី១៥ ខែមីនាបានប្រកាសពីការចាប់ខ្លួនខាងលើ។ ក្រសួងមហាផ្ទៃអុីរ៉ង់មុននេះបាននិយាយថា ខ្លួនបាន “កំណត់អត្តសញ្ញាណចាប់ខ្លួន និងស៊ើបអង្កេត” ជនសង្ស័យនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស រួមទាំងរដ្ឋធានី Tehran ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សេចក្តីថ្លែងការណ៍ថា “ការស៊ើបអង្កេតដំបូងបានបង្ហាញថា ជនសង្ស័យមួយចំនួនបានប្រើប្រាស់សារធាតុគ្មានគ្រោះថ្នាក់ និងមានក្លិនក្រអូប ដើម្បីរំខានដល់សាលារៀនក្នុងគោលបំណងបិទសាលារៀន” ។

មានពាក្យចចាមអារ៉ាមថា ក្រុមអ៊ិស្លាមរ៉ាឌីកាល់បានធ្វើការបំពុលដើម្បីរារាំងស្ត្រីមិនឱ្យទទួលបានការអប់រំ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ plo.vn)


ចែករំលែក៖