ភ្នំពេញ ៖ ថៅកែនាំស្ករសផ្តាច់មុខពីប្រទេសថៃចូលមកស្តុកនិងចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំចេញទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ជាង១លានដុល្លារអាមេរិក ។
ជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាពាណិជ្ជករនាំស្ករសផ្តាច់មុខ មានអាសយដ្ឋាននៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ការចាប់ខ្លួនថៅកែស្ករសខាងលើនេះ គឺសមត្តកិច្ចបានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ស្ត្រីម្នាក់ជាពាណិជ្ជករដូចគ្នា ។
ពេលសមត្តកិច្ចបញ្ជូនជនសង្ស័យទៅដល់សាលាដំបូងសំណុំរឿងបានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។
អង្គហេតុនៃពាក្យបណ្តឹងនោះ ត្រូវបានសមត្តកិច្ចបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សួន វុធ បានទំនាក់ទំនងទៅម្ចាស់បំណុលដើម្បីដាក់ទុនរកស៊ីលើទំហំទឹកប្រាក់ប្រមាណ ១.៣៥០.០០០ (មួយលានសាមសិបប្រាំម៉ឺនដុល្លារអាមេរិក) នៅចំណុចហាងឈ្មោះ SL PUB ដែលមានទីតាំងផ្ទះ លេខ១១២ ផ្លូវលេខ២៩១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយមានការទុកចិត្ដម្ចាស់បំណុលបានប្រគល់ប្រាក់ចំនួន ១.៣៥០.០០០ដុល្លារឱ្យទៅឈ្មោះ សួន វុធ ហើយឈ្មោះ សួន វុធ ក៏បានធានាអះអាងថា ក្នុងរយៈពេល២ថ្ងៃនឹងសងវិញគ្រប់ចំនួន ។ លុះដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់ ស្រាប់តែឈ្មោះ សួន វុធ បានចេញមូលប្បទានបត្រចំនួន២សន្លឹកឱ្យទៅដើមបណ្តឹង ដែលមូលប្បទានបត្រមួយនោះមានទឹកប្រាក់ចំនួន ៩០០.០០០ ដុល្លារអាមេរិក និងមូលប្បទានបត្រមួយសន្លឹកទៀតមានទឹកប្រាក់ចំនួន ៤៥០.០០០ ដុល្លារអាមេរិកដាក់ចូលកុងធានាគារ ABA ។ ក្រោយពីទទួលបានមូលប្បទានបត្រពីរសន្លឹកនោះហើយ ដើមបណ្តឹងបានយកទៅបើកប្រាក់នៅធនាគារ ប៉ុន្តែត្រូវបានខាងធានាគារបញ្ជាក់ថា មូលប្បទានបត្រទាំងពីរសន្លឹកនេះមិនមានទឹកប្រាក់ក្នុងគណនីទេ ពោលគឺ”សែកស្អុយ” ។ ក្រោយពីដឹងថា មូលប្បទានបត្រគ្មានសាច់ប្រាក់ ម្ចាស់បំណុលបានព្យាយាមទាក់ទងទៅឈ្មោះ សួន វុធ តាមគ្រប់មធ្យោបាយ ដើម្បីរកដំណោះស្រាយលើទឹកប្រាក់ជាងមួយលានដុល្លារអាមេរិកដែលបានសន្យាខ្ចីតែ២ថ្ងៃនោះ ទីបំផុតកូនបំណុលព្យាយាមគេចវេះ មិនជួបម្ចាស់បំណុលទេ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការលើថៅកែនាំស្ករសផ្តាច់មុខនោះតាមផ្លូវច្បាប់ ៕
ដោយ ៖ រ៉ារ៉ា