ភ្នំពេញ៖ សម្តេចពិជ័យសេនា ប្រមុខកងទ័ពកម្ពុជាបានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ក្រោមប្រធាន បទ«ប្រតិបត្តិការការពារ សន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាមស្រុកសាមគ្គីមាន ជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធនាគមាសឆ្នាំ២០២៣ បានធ្វើឡើងវិញបន្ទាប់ពីខកខានដោយសារតែការរាត ត្បាតនៃជំងឺកូវីដ១៩។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៣ មាន ប្រសាសន៍ថា សមយុទ្ធនាគមាសនេះ គឺតែងតែធ្វើជាបន្តបន្ទាប់ ហើយដោយសារកន្លងមកនេះមានការរាត ត្បាតនៃជំងឺកូវីដបានខកខានមិនបានធ្វើ។ សម្ដេចបន្តថា នៅឆ្នាំ២០២៣ នេះ ចាប់ផ្តើមធ្វើសមយុទ្ធនាគមាសឡើងវិញ។ គោលដៅសំខាន់ នៃសមយុទ្ធនេះ គឺជាការហ្វឹកហ្វឺនពិសេសមួយដល់កម្លាំងដែលត្រូវបំពេញតាមអ្វីដែលជាមុខសញ្ញាដែលបានកំណត់នៅ ក្នុងប្រធាន បទ។ វាសំខាន់ ណាស់យើងត្រូវរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាពនិងបង្កើតការឯក ភាពក្នុងពេលប្រតិបត្តិការលើមុខសញ្ញាមួយ គឺត្រូវមានភាពស្ទាត់ជំនាញ និងប៉ិនប្រសព្វ នេះគឺគេសមយុទ្ធ ដើម្បីឱ្យទាំងអស់គ្នាចេញទៅអនុវត្តមានប្រសិទ្ធភាពខ្ពស់។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា “យើងចាប់ដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន គឺតាំងពីមុនៗមក។ ឥឡូវនេះយើងក៏បានជំរុញតាមលទ្ធ ភាពអាចធ្វើបាន ហើយមិនធំដុំប៉ុន្មានដែរទេ គឺល្មមដើម្បីឱ្យយើងមានលទ្ធភាពមាន ហេតុការណ៍កើតឡើងទៀតដូចដែលប្រធានបទដែលយើងបានប្រុងប្រៀបនេះ គឺវាធ្វើឱ្យយើងមានភាពធ្វើបានប៉ិនប្រសព្វ ហើយស្ទាត់ ជំនាញ”។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ ប្រធានបទធំជាងគេគឺបញ្ជាក់ពីការការពារ សន្តិសុខនៅរាល់ព្រឹត្តិការណ៍ធំៗ ដែលយើងរៀបចំឡើងដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម ឬក៏ព្រឹត្តិការណ៍ផ្សេងៗដែលយើងហៅថា ព្រឹត្តិការណ៍ធំៗ របស់ប្រទេសជាតិ ដែលហៅថា វិធានការការពារសុវត្ថិភាពឲ្យព្រឹត្តិការណ៍ធំៗ ទទួលបានសុវត្ថិភាព។មានបញ្ហា គួបផ្សំមួយទៀត គឺបញ្ហាអនុវត្តគោលនយោបាយនៅឆ្នាំ២០២៥ ចង់ឱ្យព្រះរាជាណាចក្រកម្ពុជាអត់មានមីន។ដូច្នេះក៏មាន ប្រធានបទមួយដែរ គឺធ្វើសមយុទ្ធដើម្បីរាវមីនដើម្បីរំដោះដីឱ្យបានកាន់តែច្រើន។ ដើម្បីឱ្យមានឧបករណ៍សម្រាប់រាវមីន គឺភាគីចិននាំមកជាមួយនិងមានការបង្ហាត់បង្រៀនហើយយើងអាចប្រើប្រាស់ឧបករណ៍ទាំងនោះបានមានប្រសិទ្ធភាព៕
ដោយ៖ សូរិយា