ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីប្រព័ន្ធតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការ ចោទប្រកាន់របស់ ICC លើលោក ប្រធានាធិបតី ពូទីននេះ គឺជាការវិវត្តន៍ផ្នែក នយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយ មានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាព ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្របសម្រួលដើម្បីសន្តិភាព។
ប្រទេសចិន ខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតចាប់ខ្លួនគាត់។
បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែល ពិភពលោកត្រូវធ្វើ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួល អាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
ខ្ញុំមិនដែលជឿថា សង្គ្រាមនុយក្លេអ៊ែរ នឹងកើតឡើង បើទោះបីជាមានការគំរាមកំហែង ប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការ និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជ្រុល ពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតីពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។
តើលោក ពូទីន សុខចិត្ត ឲ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា។ ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យចាប់ប្រធានាធិបតី របស់ខ្លួនឬទេ? ចំណុចនេះហើយគឺជាចំណុចដែលឥឡូវនេះ សង្គ្រាមនុយក្លេអ៊ែរ ស្ទេីរតែក្លាយទៅជាការពិត ទៅហើយ។ ការគំរាមកំហែង មួយទៅលើលោក ពូទីន ច្បាស់ណាស់ ជាសង្គ្រាម នុយក្លេអ៊ែរ នឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបនអឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម ២០ - ៣០ គីឡូម៉ែត្រនោះទេគឺច្រេីន រហូតដល់រាប់ពាន់គីឡូម៉ែត្រ៕
ដោយ៖ស តារា