ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំេញធ្វើពិធីក្រុងពាលី មុនចាប់ផ្តើមជួសជុលកែលម្អរមណីយដ្ឋានវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ត្រៀមចូលឆ្នាំថ្មីនិងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនឹងការរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែងកែលម្អសោភណភាពទីតាំងនេះ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការទទួលគោរមងារអ្នកសង្គ្រោះសាសនា ពិភពលោកនាពេលខាងមុខផងដែរ។

មុនការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនាព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននៅលើទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះតែម្តង ដែលមានទីតាំងក្នុងខណ្ឌដូនពេញ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នេះគឺជាការគិតគូរនិងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំអោយបានប្រសើរឡើង ដោយក្នុងនោះ កាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣កន្លងមកនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យលោក មាន ចាន់យ៉ាដា និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញត្រូវចុះពិនិត្យមើលទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះជាក់ស្តែង ដើម្បីជួសជុលកែលម្អឡើងវិញ ។  ក្រោយការពិនិត្យវាយតម្លៃហើយ ទើបនៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ លោក សុខ ពេញវុធ និងលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការជួសជុលកែលម្អឡើងវិញតែម្តង។

មន្ត្រីជំនាញបានបញ្ជាក់ថា៖ ការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ គឺដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ​ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល ហើយការជួសជុលនេះ ក៏ដើម្បីត្រៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២៣នេះផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖