ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពស្ទាក់កាប់អ្នកស្រុកជិះម៉ូតូពេលរាត្រី នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ២នាក់ ត្រូវកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីបង្កហិង្សា(កាប់)លើជនរងគ្រោះ១នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបុរីទាំងយប់។

សមត្ថកិច្ចបញ្ជាក់ថា, ជនរងគ្រោះបានរៀបរាប់ថា កាលពី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទី នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូចំនួន ០៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខម្ចាស់ផ្ទះឈ្មោះ គឹម សិលា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូមានគ្នាចំនួន ០៣នាក់

១.ឈ្មោះ លីម ពុម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ ២.ឈ្មោះ ផេង ភី ភេទប្រុស អាយុ ២០ឆ្នាំ ៣.ឈ្មោះ វ៉ុន ឌី ភេទប្រុសអាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុក ឃុំស្វាយជ្រាស ស្រុកស្នួលខេត្តក្រចេះ បណ្តាលឲ្យអ្នកខ្លះរបួសធ្ងន់  ខ្លះរត់គេចខ្លួនរួច។-ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។     

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖០០នាទី កម្លាំងជំនាញបាន​ស្រាវជ្រាវ និងនាំមុខសញ្ញាសង្ស័យចំនួន ០២នាក់  ១-ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ២២ឆ្នាំ និង២-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុស អាយុ២២ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានសារភាព​ថាខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិង្សា យកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖