ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញាវាយបំបែកកញ្ចក់រថយន្តលួចយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់​ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ នៅព្រលប់​ថ្ងៃ​អង្គារ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា៖​ យុវជនម្នាក់​ ដែលជាមុខសញ្ញាជនសង្ស័យក្នុងករណីវាយបំបែកកញ្ចក់រថយន្តលួចយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់​ នៅក្រុងបាត់ដំបង​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ក្រុងបាត់ដំបង​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីស្វែងរកបក្ខពួកបន្ថែមទៀត។ 

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ខេត្ត​ បានបន្តទៀតថា​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ៣​និង​២៩នាទី​រសៀលថ្ងៃទី២០​ ខែមីនា​ម្សិលមិញ​ នៅ​ចំណុច​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។ 

ប្រភពដដែលបន្តថា​ ដោយបានការសម្របសម្រួលលេី​នីតិវិធីពីលោក​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបងផងនោះ​ លោកវរសេ នី​យ៍​ឯក​ ឈឿង​ គឹមសុង​ ស្នងកា​ររងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បា​ន​​ដឹកនាំកម្លាំងដែលមានលោកវរសេ​នីយ៍ឯក​ ចៀក​ ថា​និន​ ជា​នាយ​ការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋានចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​(​ វា-យបំបែក​កញ្ចក់​រថយ​ន្ដ​លួច​យក​ប្រាក់​ )​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ចឹក​ បូរ៉ា​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​មានទី​លំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ដេីម្បី​ធ្វេីការ​សាកសួរ​ស្រាវជ្រាវ ។ 

-* វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ ប្រាក់​ខ្មែរ​ ចំនួន​  ៤,២០០,០០០​ រៀល​ (​ បួន​លាន​ពីរ​សែន​រៀល​ )​ 

-​ ពិល​ មាន​ដែក​ស្រួច​ជាមធ្យោបាយវាយ​កញ្ចក់​រថយន្ដ​ ចំនួន​ ០១​ ។ 

-​ អាវ​យឺត​ដៃ​វែង​(​ពាក់​ធ្វេី​សកម្មភាព​ )​ចំនួន​ ០១​ ។ 

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃា​ត់ខ្លួននេះគឺកាល​ពី​ថ្ងៃទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​វេលា​ម៉ោង​ ០១និង១៥​នាទី​ នៅ​ ចំណុច​ជាប់​របង​សាលា​បឋមសិក្សា២​ ធ្នូ​ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វា​យប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​ស​ក​ម្មភាព​ យក​ពិល​វាយបំបែក​កញ្ចក់​រថយន្ដ​លួច​យក​ប្រាក់ចំនួន២.០០០​ដុល្លារ​(អាមេ​រិក)ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ចឹក​ រក្សា​ ភេ​ទ​ប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វា​យ​ប៉ោ​ ក្រុង​បាត់​ដំ​បង​ ខេត្ត​បាត់​ដំបង​ ។ 

ក្រោយកេីតហេតុជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់​ការឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​អនុវត្តតាម​នីតិវិធី​ ​ច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖