ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ យុវជនម្នាក់ ដែលជាមុខសញ្ញាជនសង្ស័យក្នុងករណីវាយបំបែកកញ្ចក់រថយន្តលួចយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ នៅក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញក្រុងបាត់ដំបង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីស្វែងរកបក្ខពួកបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ៣និង២៩នាទីរសៀលថ្ងៃទី២០ ខែមីនាម្សិលមិញ នៅចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេ នីយ៍ឯក ឈឿង គឹមសុង ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងដែលមានលោកវរសេនីយ៍ឯក ចៀក ថានិន ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស( វា-យបំបែកកញ្ចក់រថយន្ដលួចយកប្រាក់ ) ០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ ២២ ឆ្នាំមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
-* វត្ថុតាងដកហូតរួមមាន៖
- ប្រាក់ខ្មែរ ចំនួន ៤,២០០,០០០ រៀល ( បួនលានពីរសែនរៀល )
- ពិល មានដែកស្រួចជាមធ្យោបាយវាយកញ្ចក់រថយន្ដ ចំនួន ០១ ។
- អាវយឺតដៃវែង(ពាក់ធ្វេីសកម្មភាព )ចំនួន ០១ ។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣វេលាម៉ោង ០១និង១៥នាទី នៅ ចំណុចជាប់របងសាលាបឋមសិក្សា២ ធ្នូ ស្ថិតនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាព យកពិលវាយបំបែកកញ្ចក់រថយន្ដលួចយកប្រាក់ចំនួន២.០០០ដុល្លារ(អាមេរិក)ដែលជារបស់ជនរងគ្រោះ ឈ្មោះ ចឹក រក្សា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមនីតិវិធី ច្បាប់៕
ដោយ ៖ អរុណរះ