ព័ត៌មានទាន់ហេតុការណ៍៖

«កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសកុំមិនវែលដូមីនីក មកកាន់ព្រះរាជាណាចក្រកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពលនៃប្រទេសកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២-២៤ ខែ មីនា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក បណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នឹងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកបណ្ឌិត វីន ហេនដឺសាន់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖