ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរាជទូតនានា ប្រចាំកម្ពុជា, អគ្គនាយដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជាង ៣០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ជាកិច្ចចាប់ផ្ដើម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថាជ្រាបថា ក្នុងឆ្នាំ២០២២ គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរាជធានី-ខេត្ត ជាសមាជិកនៃ គ.ជ.ប.ជ នៅគ្រប់កម្រិត និងមានការចូលរួមគាំទ្រសហការដោយអង្គការដៃគូជាតិ និងអន្ដរជាតិពាក់ព័ន្ធ បានបន្ដខិតខំធ្វើសកម្មភាពប្រតិបត្តិការ តាមយុទ្ធសាស្ដ្រដែលបានកំណត់បានយ៉ាងល្អប្រសើរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

លោកស្រី អនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បន្ដថា ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២២ បង្ក្រាបបាន ១៣០ករណី/១២៤ករណី (កើន ៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ អនីតិជន ១៩នាក់ និងជនបរទស ១០នាក់ មាន ៣សញ្ជាតិ។ ដោយឡែក សង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់ មានអាយុក្រោម ១៥ឆ្នាំ ចំនួន ១២៤នាក់, អាយុ១៥-១៧ឆ្នាំ ចំនួន៣១នាក់ និងអាយុ ១៨ឆ្នាំឡើង ៧០នាក់ (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៤៨នាក់ និងប្រគល់ឱ្យគ្រួសារ ១៧៧នាក់)។

លើសពីនេះ លោកស្រី បន្ថែមថា ការដាក់ចេញនូវផែនការប្រតិបត្តិការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ របស់ គ.ជ.ប.ជ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលដល់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណ រកឃើញថា ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ចូនទៅតុលាការ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមសម្តែងនូវអំណរសាទរ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ថ្នាក់ដឹកនាំក្រសួង សា្ថប័ន អង្គភាពរាជធានី-ខេត្ត កងកម្លាំងគ្រប់ប្រភេទ និងឯកឧត្តម លោកជំទាវតំណាងអង្គទូតនានា នៃបណ្តាប្រទេសប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

 ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំថា មិនត្រូវមានមោនទភាព ចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទេ ដើម្បីធានាថា ការជួញដូរមនុស្ស ត្រូវបានផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើស ហើយជនរងគ្រោះ ត្រូវបានជួយសង្គ្រោះឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងន័យនេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់លេខាធិការដ្ឋាន គ.ជ.ប.ជ ឱ្យស្រងយកគ្រប់ព័ត៌មានទាំងឡាយ ដើម្បីធ្វើការជួបប្រជុំគ្នា រួចហើយធ្វើការរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.ប.ជ មានប្រសាសន៍ឱ្យដឹងទៀតថា ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតែតាំងចិត្ត និងប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរពតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖