ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

 ក្នុងពិធីជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះសមាសភាពប្រធាន និងអនុប្រធានថ្មី ព្រមទាំងស្វាគមន៍និងគាំទ្រ ចំពោះក្រុមការងារពិសេសផ្តោតលើវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ លោក បានស្នើឱ្យមានការជំរុញការធ្វើការកសិកម្មល្អ (GAP) និងផ្តោតលើមុខដំណាំគន្លឹះឱ្យមានគុណភាពខ្ពស់ ព្រមទាំងនិរន្តរភាពកសិកម្ម។ 

លោករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមការងារ EuroCham ត្រូវតែយកចិត្តទុកដាក់ វិភាគ និងធានាផលចំណេញសម្រាប់កសិករ។ លោកបញ្ជាក់ថា ក្រសួងនឹងត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញ និងគាំទ្រ ដល់វិស័យឯកជន ជាពិសេសការផ្តល់អ្នកបច្ចេកទេសដើម្បីបង្រៀនដល់កសិករឱ្យផលិតកសិផលស្របតាមស្តង់ដាររបស់ទីផ្សារអឺរ៉ុប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយមានការធានា។  

 លោករដ្ឋមន្ត្រី បានស្នើឱ្យ EuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងព្យាយាមផ្តល់នូវស្តង់ដាដែលអាចនាំចូលទៅអឺរ៉ុបបាន។  

 សូមជម្រាបជូនថា គោលបំណងនៃជំនួប គឺដើម្បីណែនាំពីសមាសភាពប្រធាន និងអនុប្រធានគណកម្មាធិការ AgriBusiness ដែលទើបតែងតាំងថ្មី និងពិភាក្សាអំពីការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំកម្មវិធី Breakfast Talk ក្រោមប្រធានបទ “Cambodia AgriBiz Update” នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង EuroCham គឺផ្តោតទៅលើចំណុចសំខាន់ៗដូចជាផលិតកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ច្បាប់ពលកម្ម និងផលិតកម្មតាមកិច្ចសន្យា៕

ដោយ ៖ សហការី


ចែករំលែក៖