ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវរកឃើញផលិតផលឱសថឈ្មោះ VHOPE ដែលគ្មានលេខបញ្ជិកា និងទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថាៈ ក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ VHOPE គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ឬទិដ្ឋាការ ពីក្រសួង សុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល ឱសថឈ្មោះ : VHOPE នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈាន ដល់ការបាត់បង់អាយុជីវិតទៀតផង។

បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលឱសថខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនី បណ្ដាញសង្គមហ្វេសប៊ុក ឬជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលឱសថខាងលើ នេះជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល ឱសថឈ្មោះ VHOPE ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕ 

ដោយ ៖ សិលា


ចែករំលែក៖