ព័ត៌មានទាន់ហេតុការណ៍៖

៣ថ្ងៃហើយសមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យដែលគាស់លំនៅឋានអ្នកលក់ត្រីចូលលួចប្រាក់អស់ជាច្រើននោះនៅឡើយទេ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បើតាមការឱ្យដឹងពីលោកអធិការស្រុកឯកភ្នំនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ឱ្យដឹងថា រយៈពេល ០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យដែលគាស់លំនៅឋានអ្នកលក់ត្រីចូលលួចគ្រឿងអលង្ការនិងប្រាក់អស់ជាច្រើននៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនៅឡើយទេ តែមន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួននៅឡើយ ។ 

ពេលនេះយើងមិនទាន់មានតម្រុយពីមុខសញ្ញាជនប្រព្រឹត្តទេ តែមន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីសាកសួរគ្រួសារជនរងគ្រោះ និងសាក្សីនានានៅឡើយ ។ លោកអធិការបានប្រាប់បន្តថា ម្ចាស់ផ្ទះពុំបានដឹងអំពីរឿងនេះទេ បើទោះជាកូនស្រីគាត់ដេកនៅក្នុងបន្ទប់ខាងក្នុងក្ដី ព្រោះគាត់បានងើបពីយប់ដឹកត្រីទៅលក់នៅឯផ្សារ តែអ្នកជិតខាងបានដឹងនៅពេលព្រឹកព្រលឹម  រួចក៏ផ្ដល់ព័ត៌មានទៅម្ចាស់ផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។

សេចក្ដីរាយការណ៍ឱ្យដឹងថា មានជនមិនស្គាល់មុខបានគាស់ផ្ដាច់សោទ្វារផ្ទះមួយកន្លែងនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំដែលគេសន្និដ្ឋានថា អាចកើត ឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ មីនា ក្រោយពេលម្ចាស់ផ្ទះឈ្មោះ តឿន សាវ័ន្ត ភេទប្រុស អាយុ៥០ឆ្នាំនិងភរិយាគាត់ងើបដឹកត្រីយកទៅលក់នៅផ្សារផុតបន្តិច  ខណៈដែលកូនស្រីគាត់កំពុងដេកលក់នៅក្នុងបន្ទប់នៅឡើយ ។ តាមការស្រង់សម្ត៏ពីសមត្ថកិច្ច គឺជនរងគ្រោះមិនបានដឹងរឿងគេគាស់ផ្ទះពីដំបូងទេ។ 

របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា គ្រឿងអលង្ការដែលបាត់បង់រួមមានខ្សែកមាស០២ខ្សែទម្ងន់១,៦តម្លឹង, ខ្សែដៃមាស០២ខ្សែទម្ងន់១,៣តម្លឹង, ចិញ្ចៀនមាន០២វង់ទម្ងន់០៤ជី, ក្រវឹលមាន០២គូទម្ងន់០២ជី និងប្រាក់ខ្មែរចំនួន៩លានរៀល ។ ប៉ុន្តែនៅមានគ្រឿងអលង្ការ ប្រាក់ខ្មែរ ប្រាក់បាត និងប្រាក់ដុល្លារមួយចំនួនទៀតដែលនៅសេសសល់ពីដៃចោរដែលទំនងជាចោររកមិនឃើញ  ៕

ដោយ៖ សហការី


ចែករំលែក៖