ខេត្តត្បូងឃ្មុំ ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ព្រមទាំង និន្នាការនយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ «កត្តាសុខសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងមន្ទីរពេទ្យនេះជារឿងលំបាកទៅហើយ ប៉ុន្តែការធានាឱ្យបាននូវនិរន្តរភាព គឺកាន់តែលំបាកទៅទៀត ដូចនេះក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ក៏ដូចជាលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍ លោក អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim))នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសធំៗ និងមហាអំណាច មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។
សម្ដេចតេជោ បានប្រកាសថា ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាមិត្តដ៏ល្អមួយទៀតនៅក្នុងតំបន់អាស៊ាន ដែលមានទស្សនៈដូចគ្នាជាមួយសម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត»៕
ដោយ ៖ សហការី