ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ​ទី០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​។ 

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្ដេចតេជោ​ ថ្លែង​ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ  គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ ដែលអាចនិយាយថា «ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត» ដែលអាចដាក់គ្រែអ្នកជំងឺបានជាង៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។

សម្តេចតេជោ បង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះនឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនទាំងនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

សម្តេចតេជោ ថ្លែងថា​ កូវីដ-១៩បានដាស់តឿនយើងឱ្យប្រុងប្រយ័ត្នជាប់ជានិច្ច ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាជន និងពង្រឹងវិស័យសុខាភិបាលជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងជំងឺឆ្លងនានា មិនត្រឹមតែកូវីដ-១៩នោះទេ។

សម្តេចតេជោ ថ្លែង​ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីហ្សែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែងចែកទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ។

សម្តេចតេជោ ថ្លែង​ថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា  ព្រមទាំង​និន្នាការ​នយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ«កត្តាសុខសន្តិភាព»។

សម្តេចតេជោ ថ្លែងថា មន្ទីរពេទ្យធំហើយ, សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចំណេះជំនាញច្បាស់លាស់ និងមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ។

សម្តេចតេជោ  ប្រកាស​ណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗសម្រួលដល់ការព្យាបាលអ្នកជំងឺ។

សម្តេចតេជោ ប្រកាស​ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ រួមទាំងស្ថានប័ននានា ពេលគោរពទង់ជាតិ ត្រូវច្រៀងដោយផ្ទាល់តែម្តង ដើម្បីបង្ហាញពីការគោរពដ៏ជ្រៀលជ្រៅ និងបង្កើនស្មារតី ចំណេះដឹងដល់សិស្សពាក់ព័ន្ធនឹងចម្រៀងជាតិផងដែរ។

សម្តេចតេជោ ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ហើយសម្ដេចប្ដេជ្ញារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា ដោយមិនឱ្យអ្នកណាម្នាក់មកបំពានបានឡើយ។

សម្តេចតេជោ ថ្លែង​ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល  គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត»។

សម្តេចតេជោ ប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim))នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសធំៗ និងមហាអំណាច មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា  ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាមិត្តដ៏ល្អមួយទៀតនៅក្នុងតំបន់អាស៊ាន ដែលមានទស្សនៈដូចគ្នាជាមួយសម្តេច។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ៕

ដោយ​៖ ស​ តារា​


ចែករំលែក៖