ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A

ចែករំលែក៖

ខេត្តក្រចេះ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលបានវៀបចំពិធីនៅក្នុងវត្តសណ្តាន់​ ស្រុកសំបូរ​ ខេត្តក្រចេះ​ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ បានមានប្រសាសន៍ថា គម្រោងលើកកម្រិត និងជួស ជុលថែទាំខ្សែផ្លូវទាំង៣នេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការ ប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់កាលពីដើមឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានប្រកាស សន្យាអំពីការត្រៀមបើកការដ្ឋានខ្សែផ្លូវ ទាំង៣នេះឱ្យបានឆាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនាពេលខាងមុខផងដែរ។

យោងតាមរបាយការណ៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ:ការបានឲ្យដឹងថា ការលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិទាំង ៣ខ្សែរនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ប្រវែងសរុប ៩៨,៤គ.ម ដែលគ្រោង ប្រើថវិកាសរុបប្រមាណជាង ៤០លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារ ពិភពលោក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ។

កំណាត់ផ្លូវជាតិលេខ៧៣ ៖ មានប្រវែង ៤៩,៨១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ(០+០០) ផ្លូវបំបែកំប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) គីឡូម៉ែត្រលេខ(៤៩+៨១២) នឹងត្រូវស្ដារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត មានទទឹង ១០ម៉ែត្រ និង ១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង ១៥,៧ម៉ែត្រ និង ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង នៅក្នុងទីប្រជុំជន)។ ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ៖ មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវ ស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន ២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ (នៅលើផ្លូវខេត្តលេខ៣៧៧)។ 

គម្រោងនេះ នឹងរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្រោយការលើកកម្រិត និងជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧Aនេះ នឹងផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិសាស្ត្រខេត្តក្រចេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផង និងទាំងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។ ខ្សែផ្លូវទាំង៣នេះ ក៏មានការតភ្ជាប់ប្រទាក់ ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជនសំខាន់ៗ និងតំបន់ដាច់ស្រយាលផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖