ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ លឹម​ គានហោ​ លើកឡើងនូវបញ្ហាប្រឈមកំពុងកើតមានក្នុងអាងទន្លេមេគង្គ

ចែករំលែក៖

ទីក្រុង​វៀងចន្ទន៍​៖​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រួមជាមួយប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀត នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ត្រៀមសម្រាប់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ថ្នាក់នាយករដ្ឋមន្រ្តី លើកទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមមូលបទ “នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់ទន្លេមេគង្គ ដែលមានសន្តិសុខទឹកនិងប្រកបដោយចីរភាព ” ។ 

    នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានស្តាប់នូវសមិទ្ធផលសំខាន់ៗ ដែល MRC សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងឆ្នាំ២០១៨ និងបានជ្រួតជ្រាបអំពីសេចក្តីព្រាងសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូល MRC លើកទី៤ ដែលបានពិភាក្សា និងមានការឯកភាពគ្នាក្នុងចំណោមប្រទេសជាសមាជិកដែលនឹងដាក់ជូនប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំកំពូលពេញអង្គលើកទី៤ ។ លោកនិងលោកស្រីប្រធានគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក តំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀតបានធ្វើការផ្លាស់ប្តូរ និងពិភាក្សាគ្នាលើទស្សនៈ ស្តីពីការលើកកម្ពស់ផ្នែកនវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់ទន្លេមេគង្គដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព។ 

    នៅក្នុងចំណាប់អារម្មណ៍ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី លឹម​ គានហោ​ បានលើកឡើងនូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានក្នុងអាងទន្លេមេគង្គ ដូចជាតម្រូវការទឹក និងសន្ទុះនៃការអភិវឌ្ឍមានការកើនឡើងឥតឈប់ឈរ និងការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងកត្តាជាច្រើនផ្សេងទៀតផងដែរ ដែលទាំងនេះ ទាមទារឱ្យមាននូវការឆ្លើយតបផ្នែកគោលនយោបាយនិងបច្ចេកវិទ្យាតាមបែបនវានុវត្តន៍ ផ្តោតលើបរិបទ និងប្រកបដោយបរិយាប័ន្ន ។ 

    ដើម្បីរួមគ្នាដោះស្រាយនិងជម្នះចំពោះភាពប្រឈមនានាក្នុងបរិបទដែលមានការប្រែប្រួលនេះ និងដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព មានវិបុលភាពផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយរក្សាបាននូវនិរន្តរភាពផ្នែកបរិស្ថានក្នុងតំបន់មេគង្គ លោករដ្ឋមន្រ្តីបានរំលេច និងសង្កត់ធ្ងន់អំពីភាពចាំចាច់នៃការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសមេគង្គ និងជាមួយដៃគូពាក់ព័ន្ធនៅគ្រប់កម្រិត ។ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីបន្តកិច្ចសហការ និងការធ្វើការរួមគ្នាជាមួយប្រទេសមេគង្គផ្សេងទៀតសម្រាប់អាងទន្លេមេគង្គប្រកបដោយចីរភាព និងមានភាពធន់ ។

    សូមជម្រាបជូនថា កិច្ចប្រជុំកំពូល MRC លើកទី៤ ដែលនឹងប្រារព្វធ្វើនាថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម ដែលក្នុងសមាសភាពគណៈប្រតិភូចូលរួមអមសម្តេចតេជោ រួមមាន លោករដ្ឋមន្រ្តី លឹម គានហោ ផងដែរ៕

ដោយ​៖ ស​ តារា


ចែករំលែក៖