ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក នៅក្នុងពិធីជួបសំណេះសំណាល ជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា យោធិនសោធនិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានបន្ថែមទៀតថា ទោះបី អ៊ុំ ពូ មីង និងបង ប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ធំធេងនេះ មនុស្សជំនាន់ក្រោយមិនអាចបំភ្លចបានឡើយ ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និង យោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ខាល ចត្វាស័កព.ស ២៥៦៦ ខែ មេសា ឆ្នាំ ២០២៣ នាពេលខាងមុខ ។
លោកបានបន្ថែមថាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានផ្តាំផ្ញើយោធិនសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ សូមអ៊ុំ ពូ មីង និងបង ប្អូន ត្រូវបំពេញបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នាតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ កក្កដា ឆ្នាំ២០២៣ នាខាងមុខឲ្យបានគ្រប់ៗគ្នា ។
នៅក្នុងឱកាសនេះ លោកបាននាំយកនូវអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ នូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអុីវ , ត្រីខ, មីយើង, ថវិកា ៥០០០០៛ ។
ដោយឡែក ការិយាល័ទី៤ កងទ័ពជើងគោកឧត្តម្ភអំណោយរួមមាន៖ អង្ករ, ត្រីខ,និងថវិកា៥០០០០៛ផងដែរ ៕
ដោយ ៖ សហការី